FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទុះគ្រាប់បែកនៅឯភោជនីយដ្ឋានមួយ ក្នុងទីក្រុងមូស្គូ សម្លាប់មនុស្ស ៣នាក់

02-08-2026 10:05

(មូស្គូ)៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS បានរាយការណ៍ថាការផ្ទុះមួយនៅថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ នៅឯភោជនីយដ្ឋានមួយក្នុងទីក្រុងមូស្គូ ដែលបានសម្លាប់មនុស្ស ៣នាក់ និង២១នាក់ផ្សេងទៀតបានរងរបួស គឺជាការវាយប្រហារបំផ្ទុះគ្រាប់បែក។ នេះបើតាមការដកស្រងចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

TASS ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើការស្រង់សម្ដីពីគណៈកម្មាធិការជាតិប្រឆាំងអំពើភេរវកម្មរបស់រុស្ស៉ី។ គណៈកម្មាធិការមួយនេះឱ្យដឹងទៀតគ្រាប់បែកកែច្នៃមួយគ្រាប់ត្រូវបានគេបំផ្ទុះនៅឯភោជនីយដ្ឋានមួយក្នុងតំបន់ Kudrinskaya នៃទីក្រុងមូស្គូ បានសម្លាប់មនុស្ស ៣នាក់។ មនុស្សទាំង ៣នាក់ដែលត្រូវបានសម្លាប់ ក្នុងនោះរួមមានទាំងស្រ្តីម្នាក់ដែលជាអ្នកបំផ្ទុះគ្រាប់បែក មន្ត្រីសន្តិសុខម្នាក់ដែលព្យាយាមបញ្ឈប់ស្ត្រីរូបនោះ និងអតិថិជនម្នាក់។

គួរបញ្ជាក់ថា មនុស្ស ២១នាក់ ក៏បានរងរបួសផងដែរមានទាំងអ្នករងរបួសស្រាល និងធ្ងន់។ ទីក្រុងមូស្គូធ្លាប់រងការវាយប្រហារបំផ្ទុះគ្រាប់បែកជាច្រើនលើករួចមកហើយកាលពីអតីតកាល។ ចាប់តាំងពីឆ្នាំ២០២២ ពោលគឺបន្ទាប់ពីរុស្ស៉ីបើកធ្វើសង្រ្គាមប្រឆាំងអ៊ុយក្រែន ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែនមានពេលខ្លះចេញមុខអះអាងទទួលខុសត្រូវ និងពេលខ្លះទៀតត្រូវបានចោទប្រកាន់ថាជាអ្នកនៅពីក្រោយការធ្វើឃាត ឬប៉ុនប៉ងសម្លាប់មន្ត្រីយោធារុស្ស៉ី និងមនុស្សល្បីៗដែលគាំទ្រសង្រ្គាមរបស់រុស្ស៉ី៕