FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

FIFA សិក្សាពីលទ្ធភាពពង្រីកក្រុមចូលរួម World Cup ដល់ ៦៤ក្រុម សម្រាប់ឆ្នាំ២០៣០

31-07-2026 21:44

(ហ្ស៊ឺណែវ)៖ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) កំពុងសិក្សាអំពីលទ្ធភាពក្នុងការពង្រីកចំនួនក្រុមចូលរួមព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (World Cup) ពី ៤៨ក្រុម ទៅ ៦៤ក្រុម សម្រាប់ការប្រកួតឆ្នាំ២០៣០ ដែលអាចនឹងផ្លាស់ប្តូរទម្រង់នៃការប្រកួតកីឡាដ៏ធំបំផុតមួយនេះ នៅពេលប្រារព្ធខួប ១០០ឆ្នាំរបស់ខ្លួន។ នេះបើតាមឯកសារដែលទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមឯកសារសង្ខេបស្រាវជ្រាវ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកមួយនេះ មានបំណងតែងតាំងភ្នាក់ងារឯករាជ្យមួយ ដើម្បីវាយតម្លៃលើផែនការពង្រីកដ៏មហិច្ឆតានេះ ដែលនឹងបន្ថែមក្រុមជម្រើសជាតិចំនួន ១៦ បន្ថែមទៀត ទៅលើក្រុមទាំង ៤៨ ដែលទើបតែកំណត់ថ្មីសម្រាប់ការប្រកួតឆ្នាំ២០២៦។ ភ្នាក់ងារឯករាជ្យនោះនឹងមានពេល ៤សប្តាហ៍ ដើម្បីផ្តល់របាយការណ៍វិភាគនៅត្រឹមថ្ងៃទី១១ ខែកញ្ញា ដោយវាយតម្លៃលើផលប៉ះពាល់ចំណូលពីការលក់សំបុត្រ ការឧបត្ថម្ភ និងសិទ្ធិផ្សព្វផ្សាយព័ត៌មានជាដើម។

គួររំលឹកថា សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាមេរិកខាងត្បូង (CONMEBOL) ធ្លាប់បានស្នើជាផ្លូវការឱ្យធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០ ជាមួយនឹងទម្រង់ ៦៤ក្រុម កាលពីឆ្នាំមុន ដើម្បីផ្តល់ឱកាសដល់ប្រទេសកាន់តែច្រើនក្នុងការចូលរួមអបអរខួប ១០០ឆ្នាំនៃព្រឹត្តិការណ៍នេះ។ ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក គឺជាការផ្លាស់ប្តូរលើកដំបូងពីទម្រង់ ៣២ក្រុម (តាំងពីឆ្នាំ១៩៩៨) ដោយបន្ថែម ៤ពូល និង ១វគ្គជម្រុះចាញ់ធ្លាក់ទៀត ដែលធ្វើឱ្យចំនួនការប្រកួតកើនដល់ ១០៤ប្រកួត ក្នុងរយៈពេលជាង ៥សប្តាហ៍។

ការសិក្សាស្រាវជ្រាវនេះ ធ្វើឡើងស្របពេលដែល FIFA មានផែនការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធតម្លៃ ២០ពាន់លានដុល្លារ ដើម្បីគ្រប់គ្រង World Cup ជាមួយអ្នកវិនិយោគខាងក្រៅ ដែលផែនការនេះបានរងការរិះគន់យ៉ាងខ្លាំង និងឈានដល់ការប្រកាសធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍ FIFA ពីសំណាក់សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA)។ លើសពីនេះ ថ្នាក់ដឹកនាំ UEFA និងសហព័ន្ធបាល់ទាត់អាស៊ី (AFC) ក៏ធ្លាប់បានបញ្ចេញមតិប្រឆាំងនឹងផែនការ ៦៤ក្រុមនេះផងដែរ កាលពីឆ្នាំមុន៕