អ្នកបើកយន្តហោះម៉ាឡេស៊ីម្នាក់ ត្រូវបានចាប់ខ្លួននៅឥណ្ឌូណេស៉ី ជាមួយថ្នាំញៀនរាប់គីឡូក្រាម ដែលអាចប្រឈមមុខនឹងទោសប្រហារជីវិត (Video inside)
31-07-2026 13:39
(ហ្សាការតា)៖ អ្នកបើកបរយន្តហោះជនជាតិម៉ាឡេស៊ីម្នាក់ ប្រឈមមុខនឹងទោសប្រហារជីវិតនៅប្រទេសឥណ្ឌូណេស៊ី ក្រោយត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងហ្សាការតា ជាមួយនឹងថ្នាំញៀនប្រភេទ Ecstasy ឬគេស្គាល់ថាជាថ្នាំគ្រវី ចំនួនជាង ៧០០០០គ្រាប់ នៅក្នុងវ៉ាលីរបស់ពីឡុតរូបនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦។
អ្នកបើកបរយន្តហោះវ័យ៣៩ឆ្នាំ ដែលអត្តសញ្ញាណត្រូវបានបង្ហាញត្រឹមជាអក្សរកាត់ MSO ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃពុធ នៅអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta ភ្លាមៗបន្ទាប់ពីបានបើកយន្តហោះដឹកអ្នកដំណើរ ក្នុងជើងហោះហើរមួយ ចេញមកពីទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៉ី។ ការិយាល័យគយអាកាសយានដ្ឋាន មិនបានបញ្ជាក់ថា អ្នកបើកបរយន្តហោះរូបនេះ ធ្វើការឱ្យក្រុមហ៊ុនអាកាសចរណ៍មួយណានោះទេ ប៉ុន្តែលេខជើងហោះហើរ បានបង្ហាញថា វាជាយន្តហោះរបស់ក្រុមហ៊ុន Malaysia Airlines។
មន្ត្រីគយឥណ្ឌូណេស៉ី បានរកឃើញថ្នាំញៀនប្រភេទ Ecstasy ចំនួន ១៤កញ្ចប់ ស្មើនឹងជាង ៧០០០០ គ្រាប់ នៅក្នុងវ៉ាលី រួមជាមួយប្រភេទមេតាំហ្វេតាមីនទម្ងន់ ៤ក្រាម នៅក្នុងកាបូបយួរដៃរបស់ពីឡុតរូបនោះ។ ប៉ូលិសឥណ្ឌូណេស៉ី បានប្រាប់ថា វាគឺជាលើកទី៣ ដែលពីឡុតម្នាក់នេះ បានលួចនាំគ្រឿងញៀនចូលមកក្នុងប្រទេសឥណ្ឌូណេស៉ី។ ពួកគេសង្ស័យយ៉ាងខ្លាំងថា MSO ស្ថិតក្នុងបណ្តាញឧក្រិដ្ឋកម្មអន្តរជាតិមួយ ខណៈពីឡុតម៉ាឡេស៉ី ត្រូវបានចោទប្រកាន់ពីបទរំលោភបំពានច្បាប់គ្រឿងញៀន របស់ឥណ្ឌូណេស៊ី។
ក្រោមច្បាប់នេះ អ្នកបើកយន្តហោះខាងលើ ត្រូវប្រឈមជាមួយទោសប្រហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើរកឃើញថា ពិតជាមានទោសប្រាកដមែន។ ឥណ្ឌូណេស៊ី ជាប្រទេសមានច្បាប់ប្រឆាំងគ្រឿងញៀនដ៏តឹងរ៉ឹងបំផុតមួយ នៅលើពិភពលោក ក្នុងនោះរួមមានទាំងទោសប្រហារជីវិត សម្រាប់អ្នករត់ពន្ធឬជួញដូរ ប៉ុន្តែបានផ្អាកការប្រហារជីវិត អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីបានអនុវត្តទោសប្រហារជីវិតលើកចុងក្រោយបង្អស់ កាលពីឆ្នាំ២០១៦ នៅពេលដែលជនជាតិឥណ្ឌូណេស៊ីម្នាក់ និងជនជាតិនីហ្សេរីយ៉ា៣នាក់ ដែលត្រូវបានកាត់ទោសពីបទល្មើសគ្រឿងញៀន ត្រូវបានប្រហារជីវិតដោយការបាញ់សម្លាប់។ រីឯកាលពីខែមីនា ឆ្នាំ២០២៦នេះ បុរសជនជាតិអង់គ្លេសពីរនាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៩ឆ្នាំ និង ១១ឆ្នាំ បន្ទាប់ពីពួកគេត្រូវបានរកឃើញថា មានទោសពីបទរត់ពន្ធគ្រឿងញៀនកូកាអ៉ីន ចូលទៅកាន់កោះទេសចរណ៍បាលី៕




