នាវាផ្ទុកយន្តហោះអាមេរិក USS George Washington ចូលចតនៅវៀតណាមក្នុងដំណើរទស្សនកិច្ច ៥ថ្ងៃ (Video inside)

30-07-2026 21:53

(ហាណូយ)៖ នៅថ្ងៃព្រហស្បតិ៍ ៣០​ កក្កដានេះ នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS George Washington របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានធ្វើដំណើរចូលចតនៅទីក្រុងដាណាង (Danang) ប្រទេសវៀតណាម សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃ ដែលនេះគឺជាសញ្ញាណថ្មីមួយនៃការរីកចម្រើននៃទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងហាណូយ។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

ការចូលចតនេះ ធ្វើឡើងជិត ៣ឆ្នាំបន្ទាប់ពីសហរដ្ឋអាមេរិក និងវៀតណាម បានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីខែកញ្ញា ឆ្នាំ២០២៣។ នេះគឺជាដំណើរទស្សនកិច្ចលើកទី៤ របស់នាវាផ្ទុកយន្តហោះអាមេរិកមកកាន់វៀតណាម ចាប់តាំងពីសង្គ្រាមវៀតណាមបានបញ្ចប់ និងជាលើកទីមួយបន្ទាប់ពីនាវា USS Ronald Reagan បានចូលចតនៅដាណាងកាលពីខែមិថុនា ឆ្នាំ២០២៣។

ក្រសួងការពារជាតិវៀតណាមបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «ទស្សនកិច្ចរបស់ក្រុមនាវាផ្ទុកយន្តហោះប្រយុទ្ធអាមេរិកនេះ បានរួមចំណែកដល់ការថែរក្សា និងអភិវឌ្ឍទំនាក់ទំនងរវាងវៀតណាម និងអាមេរិក»។ ក្រសួងក៏បានបន្ថែមថា ដំណើរទស្សនកិច្ចនេះ ឆ្លុះបញ្ចាំងពីគោលនយោបាយរបស់វៀតណាម ក្នុងការគាំទ្រសេវាភស្តុភារ និងបច្ចេកទេសសម្រាប់នាវាកងទ័ពជើងទឹកបរទេសដែលចូលចតក្នុងប្រទេស។ ទន្ទឹមនឹងនេះ ស្ថានកុងស៊ុលអាមេរិកប្រចាំទីក្រុងហូជីមិញ បានលើកឡើងថា ដំណើរទស្សនកិច្ចនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កងទ័ពជើងទឹកអាមេរិក ចំពោះចក្ខុវិស័យរួមមួយសម្រាប់ «ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ»។

គួររំលឹកថា រដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរ ក៏បានជួបពិភាក្សាគ្នានៅក្រៅកិច្ចប្រជុំសន្តិសុខ Shangri-La Dialogue នៅប្រទេសសិង្ហបុរី កាលពីខែមិថុនាផងដែរ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ រួមទាំងពាណិជ្ជកម្មយោធា ការចែករំលែកព័ត៌មាន និងការដោះស្រាយបញ្ហាសេសសល់ពីសង្គ្រាម៕