អូស្ត្រាលីចាប់ផ្តើមចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹង Telegram ពាក់ព័ន្ធនឹងការទុកឱ្យមានខ្លឹមសារគាំទ្រអំពើភេរវកម្ម
30-07-2026 11:53
(បរទេស)៖ អាជ្ញាធរត្រួតពិនិត្យ និងប្រកាសអាសន្នសុវត្ថិភាពអ៊ីនធឺណិតអូស្ត្រាលី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រកាសចាប់ផ្តើមចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងកម្មវិធីផ្ញើសារ Telegram ដោយសារតែការបរាជ័យក្នុងការលុបបំបាត់ និងទប់ស្កាត់ការផ្សព្វផ្សាយខ្លឹមសារ ឬវីដេអូដែលគាំទ្រអំពើភេរវកម្ម និងហិង្សាជ្រុលនិយមនៅលើបណ្តាញរបស់ខ្លួន។
អគ្គស្នងការនៃស្ថាប័ន eSafety លោកស្រី Julie Inman Grant បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ចំណាត់ការផ្លូវច្បាប់នេះត្រូវបានធ្វើឡើង បន្ទាប់ពី Telegram បរាជ័យក្នុងការលុបវីដេអូស្តីពីការសម្លាប់មនុស្សដោយក្រុមភេរវករ និងសកម្មភាពបាញ់ប្រហារសម្លាប់មនុស្សរង្គាលជាច្រើន។ លោកស្រីបានបញ្ជាក់ថា៖ «ករណីនេះទាក់ទងនឹងខ្លឹមសារដែលភ្ជាប់ទៅនឹងអំពើហិង្សាជ្រុលនិយមដ៏សាហាវឃោរឃៅបំផុតមួយចំនួនក្នុងប្រវត្តិសាស្ត្រពេលថ្មីៗនេះ រួមទាំងសម្ភារវីដេអូដែលពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មនៅទីក្រុង Christchurch (ប្រទេសនូវែលសេឡង់) និងទីក្រុង Buffalo (សហរដ្ឋអាមេរិក)។ យើងចោទប្រកាន់ថា ខ្លឹមសារទាំងនេះនៅតែអាចចូលមើលបាននៅលើសេវាកម្ម Telegram បើទោះបីជាក្រុមហ៊ុនត្រូវបានជូនដំណឹងជាច្រើនលើកច្រើនសាររួចហើយក៏ដោយ»។
តាមបទដ្ឋាន និងក្រមប្រតិបត្តិសុវត្ថិភាពអ៊ីនធឺណិតរបស់ប្រទេសអូស្ត្រាលី ការបរាជ័យក្នុងការអនុវត្តតាមតម្រូវការច្បាប់នេះ អាចធ្វើឱ្យ Telegram ប្រឈមមុខនឹងការពិន័យជារដ្ឋប្បវេណីរហូតដល់ ៥៤.៦ លានដុល្លារអូស្ត្រាលី (ប្រមាណជិត ៣៥លានដុល្លារអាមេរិក)។ Telegram ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់សកម្មជាង១ពាន់លាននាក់ រៀងរាល់ខែនៅទូទាំងពិភពលោក មិនទាន់បានឆ្លើយតបជាផ្លូវការភ្លាមៗជុំវិញការចោទប្រកាន់ និងចំណាត់ការផ្លូវច្បាប់ចុងក្រោយនេះនៅឡើយទេ។
គួរបញ្ជាក់ផងដែរថា ស្ថាប័ន eSafety របស់អូស្ត្រាលី ធ្លាប់បានដាក់សម្ពាធ និងពិន័យលើបណ្តាញសង្គមធំៗជាច្រើនជុំវិញការខកខានក្នុងការបង្ក្រាបខ្លឹមសារបង្កគ្រោះថ្នាក់ដល់សង្គម រួមទាំងការប្រឆាំងនឹងខ្លឹមសារបំពានលើកុមារ និងអំពើភេរវកម្មលើបណ្តាញឌីជីថល៕







