អ៊ូហ្គង់ដាប្រកាសបិទបញ្ចប់ការផ្ទុះឡើងនៃជំងឺអេបូឡាជាផ្លូវការ
28-07-2026 20:18
(ណៃរ៉ូប៊ី)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ូហ្គង់ដា បានប្រកាសនៅថ្ងៃអង្គារថា ប្រទេសអ៊ូហ្គង់ដា លែងមានជំងឺអេបូឡា (Ebola) ទៀតហើយ បន្ទាប់ពីការផ្ទុះឡើងចុងក្រោយនេះបានឆ្លងទៅកាន់មនុស្ស ២០នាក់ និងសម្លាប់មនុស្ស ២នាក់។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។
ការផ្ទុះឡើងចុងក្រោយដែលត្រូវបានប្រកាសកាលពីពាក់កណ្តាលខែឧសភា មានអ្នកជំងឺ ១៥នាក់ បានឆ្លងពីប្រទេសជិតខាងកុងហ្គោ (DR Congo) ដែលជាចំណុចកណ្តាលនៃការរាតត្បាតដ៏ធំបំផុត ខណៈអ្នកស្លាប់ទាំង ២នាក់ ក៏ជាជនជាតិកុងហ្គោផងដែរ។ ដោយសារបទពិសោធន៍ជាច្រើនឆ្នាំ អាជ្ញាធរអ៊ូហ្គង់ដាអាចគ្រប់គ្រងការរីករាលដាលបានយ៉ាងឆាប់រហ័ស ដោយអ្នកជំងឺជនជាតិអ៊ូហ្គង់ដាចុងក្រោយ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យតាំងពីថ្ងៃទី១៦ ខែមិថុនា។
រដ្ឋមន្ត្រីសុខាភិបាល លោក គ្រីស បារីយ៉ូមុនស៊ី (Chris Baryomunsi) បានបញ្ជាក់ថា ការប្រកាសនេះធ្វើឡើងបន្ទាប់ពីការបញ្ចប់ដោយជោគជ័យនូវការតាមដានសុខភាពរយៈពេល ៤២ថ្ងៃ (តាមស្តង់ដាររបស់ WHO) ដោយរាប់ចាប់ពីថ្ងៃដែលអ្នកជំងឺអ៊ូហ្គង់ដាចុងក្រោយបានជាសះស្បើយ។ លោកបន្ថែមថា ក្នុងអំឡុងពេលនេះ អាជ្ញាធរមិនបានរកឃើញករណីឆ្លងថ្មីណាមួយទៀតឡើយ។
គួររំលឹកថា អ៊ូហ្គង់ដាតែងតែងាយរងគ្រោះនឹងការផ្ទុះឡើងនៃជំងឺអេបូឡា ដោយសារប្រទេសនេះសំបូរទៅដោយព្រៃត្រូពិច និងសត្វប្រចៀវ ដែលជាប្រភពចម្បងនៃវីរុសដ៏កាចសាហាវមួយនេះ៕

