តម្លៃប្រេងឆៅអន្តរជាតិ ធ្លាក់ចុះជាង ៥ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ ផ្អាកប្រយុទ្ធគ្នា (Video inside)
27-07-2026 11:53
(Reuters)៖ តម្លៃប្រេងឆៅ នៅថ្ងៃចន្ទនេះ បានធ្លាក់ចុះជាង ៥ភាគរយ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ ផ្អាកការវាយប្រហារដាក់គ្នាកាលពីចុងសប្តាហ៍ ដែលបង្កើនក្តីសង្ឃឹមអំពីដំណោះស្រាយការទូត ឈានទៅកាត់បន្ថយភាពតានតឹង និងអនុញ្ញាតឱ្យការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz មានសកម្មភាពឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦។
នៅដើមវគ្គជួញដូរ ប្រេងឆៅប្រភេទ Brent មានតម្លៃ ៩១,៨៩ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះជាង ៥ភាគរយ។ រីឯប្រេងឆៅអាមេរិកប្រភេទ West Texas Intermediate មានតម្លៃ ៨៤,៦៤ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ៥.២៣ភាគរយ។
លោក Mike Waltz ដែលជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានប្រាប់កម្មវិធី «Fox News Sunday» និងបណ្តាញព័ត៌មានអាមេរិកផ្សេងទៀតថា ប្រធានាធិបតី ដូណាល់ ត្រាំ សម្រេចចិត្តផ្អាកវាយអ៉ីរ៉ង់ ដើម្បីទុកពេលចរចា។ អ្នកវិភាគទីផ្សារនិយាយថា ការត្រឡប់ទៅអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MOU) ១៤ចំណុច ដោយមានការបញ្ជាក់ឱ្យកាន់តែច្បាស់ពាក់ព័ន្ធការគ្រប់គ្រងច្រកសមុទ្រ Hormuz នឹងក្លាយជាចំណុចចាប់ផ្តើមដ៏រឹងមាំមួយ៕
