អាមេរិក និងជប៉ុន ចូលរួមជាមួយហ្វីលីពីន ធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង ចំពេលមានភាពតានតឹង
26-07-2026 19:30
(ម៉ានីល)៖ សហរដ្ឋអាមេរិក និងប្រទេសជប៉ុន បានចូលរួមជាមួយកងកម្លាំងហ្វីលីពីន ធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងសមុទ្រចិនខាងត្បូង ខណៈដែលរដ្ឋាភិបាលទីក្រុងម៉ានីល និងទីក្រុងប៉េកាំង កំពុងប្រឈមមុខដាក់គ្នាយ៉ាងតានតឹង ក្រោយមានការប៉ះទង្គិចនាវានាពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោធាហ្វីលីពីនបានបញ្ជាក់ថា សមយុទ្ធរយៈពេល ៥ថ្ងៃនេះ មានការចូលរួមពីនាវាចម្បាំង នាវាឆ្មាំសមុទ្រ និងយន្តហោះចម្បាំងជាច្រើនគ្រឿង។ គោលបំណងចម្បង គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងសម្ព័ន្ធមិត្តទាំងបី ស្របពេលដែលហ្វីលីពីនកំពុងព្យាយាមទប់ទល់នឹងការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងដែនទឹកមានជម្លោះ។
គួររំលឹកថា សមយុទ្ធនេះប្រព្រឹត្តទៅចំពេលដែលភាគីទាំងពីរទើបតែបានចោទប្រកាន់គ្នាទៅវិញទៅមក ដោយហ្វីលីពីនចោទថាឆ្មាំសមុទ្រចិនបានវាយនាវិកខ្លួន និងបាញ់កាណុងទឹកដាក់នាវាហ្វីលីពីន ខណៈចិនអះអាងថានាវាហ្វីលីពីនជាអ្នកចូលឈ្លានពាន និងបើកបុកកប៉ាល់ចិនមុន។
ទន្ទឹមនឹងនេះ អគ្គសេនាធិការកងទ័ពហ្វីលីពីនថ្មី ក៏ទើបតែបានចុះត្រួតពិនិត្យផ្ទាល់នៅលើកោះ Thitu ដែលខ្លួនកាន់កាប់ក្នុងប្រជុំកោះ Spratly ដោយបានសន្យាពង្រឹងសមត្ថភាពការពារជាតិដល់កងទ័ពនៅទីនោះផងដែរ ខណៈដែលចិននៅតែបន្តច្រានចោលសាលក្រមអន្តរជាតិ ដែលបដិសេធការទាមទារសិទ្ធិគ្រប់គ្រងរបស់ខ្លួនលើសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូលនោះ៕

