ប៉ាគីស្ថាន និងអ៊ីរ៉ង់ ស្វែងរកផ្លូវឆ្ពោះទៅរកការចរចាថ្មីជាមួយអាមេរិក ក្រោយមានការជំរុញពីប្រទេសចិន (Video inside)
24-07-2026 22:42
(អ៊ីស្លាម៉ាបាដ)៖ ប្រភពពីប៉ាគីស្ថានចំនួន ៣រូប បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប្រទេសប៉ាគីស្ថាន កំពុងស្វែងរកមធ្យោបាយដើម្បីចាប់ផ្តើមឡើងវិញនូវកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលបានជាប់គាំង ដើម្បីបញ្ចប់សង្គ្រាមរយៈពេលជិត ៥ខែនេះ។ កិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានធ្វើឡើងក្រោយមានការផ្តួចផ្តើមគំនិតពីប្រទេសចិន។
ប្រភពបានឱ្យដឹងថា កិច្ចពិភាក្សាបឋមត្រូវបានធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីមហាផ្ទៃអ៊ីរ៉ង់ លោក អេសកានដា ម៉ូមេនី (Eskandar Momeni) មកកាន់ទីក្រុងអ៊ីស្លាម៉ាបាដក្នុងសប្តាហ៍នេះ ដែលនេះគឺជាដំណើរទស្សនកិច្ចលើកទី២ របស់លោកក្នុងរយៈពេល ១០ថ្ងៃចុងក្រោយនេះ។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលប៉ាគីស្ថាន លោក ម៉ូមេនី ដែលត្រូវបានគេស្គាល់ថាមានភាពស្និទ្ធស្នាលនឹងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាល និងអគ្គមេបញ្ជាការកងទ័ពប៉ាគីស្ថាន លោក អាស៊ីម មូនៀ (Asim Munir) ក្នុងសប្តាហ៍នេះ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងថ្មីនៅមជ្ឈិមបូព៌ានេះ ជាមួយមន្ត្រីចិនរួចមកហើយដែរ។ ទោះជាយ៉ាងណា មន្ត្រីប៉ាគីស្ថានបានសង្កត់ធ្ងន់ថា លក្ខខណ្ឌជាមុនដែលមិនអាចខ្វះបានសម្រាប់កិច្ចចរចាថ្មីនេះ គឺអ៊ីរ៉ង់ត្រូវតែបញ្ឈប់ការវាយប្រហារលើអារ៉ាប៊ីសាអូឌីត និងបណ្តាប្រទេសដទៃទៀតនៅតំបន់ឈូងសមុទ្រជាដាច់ខាត៕
