FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

AI តាមទាន់មនុស្ស ដោយទទួលបានពិន្ទុពេញ១០០% ជាលើកដំបូង ក្នុងការប្រកួតគណិតវិទ្យាអន្តរជាតិលំដាប់កំពូល (Video inside)

23-07-2026 15:10

(សៀងហៃ)៖ លទ្ធផលល្អឥតខ្ចោះ ក្នុងការប្រកួតប្រជែងផ្នែកគណិតវិទ្យាដ៏មានកិត្យានុភាពបំផុតរបស់ពិភពលោក គឺតែធ្លាប់ជាស្នាដៃសម្រេចបានដោយក្រុមយុវជនឈ្លាសវៃជាងគេមួយចំនួនតូចប៉ុណ្ណោះជារៀងរាល់ឆ្នាំ ប៉ុន្តែសម្រាប់ជាលើកដំបូងបង្អស់ បញ្ញាសិប្បនិម្មិត ឬ AI នាពេលនេះក៏បានទទួលពិន្ទុពេញដូចគ្នាផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២៦។

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ២របស់ប្រទេសចិនគឺ Huawei និង Xiaohongshu បានប្រកាសថា ម៉ូដែល AI របស់ពួកគេ គឺនីមួយៗបានសម្រេចពិន្ទុ១០០%ពេញ ក្នុងការឆ្លើយសំណួរដែលបានផ្តល់ឱ្យបេក្ខជនជាមនុស្ស ក្នុងព្រឹត្តិការណ៍ប្រកួតគណិតវិទ្យាអូឡាព្យាដអន្តរជាតិ (IMO) នាខែនេះ។ ពួកគេគឺជាមន្ទីរពិសោធន៍ AI ដំបូងគេ ដែលប្រកាសពិន្ទុរបស់ខ្លួន ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតមកពីជុំវិញពិភពលោក អាចនឹងធ្វើដូចគ្នានៅប៉ុន្មានថ្ងៃខាងមុខ។

ក្រុមហ៊ុន Xiaohongshu បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ នាសប្តាហ៍នេះថា «យើងរីករាយជាខ្លាំង ជាមួយនឹងលទ្ធផលនេះ ព្រោះការទទួលបានពិន្ទុពេញនៅ IMO គឺពិតជាមានការប្រកួតប្រជែងខ្លាំងណាស់»។ ក្រុមហ៊ុនបន្ថែមថា «កាលពីមុន មិនទាន់មានម៉ូដែល AI ណាមួយ ធ្លាប់ទទួលបានពិន្ទុពេញ ក្រោមដំណើរការវិនិច្ឆ័យផ្លូវការរបស់ IMO នោះទេ»

កាលពីក្នុងឆ្នាំ២០២៥ ម៉ូដែល AI ដែលបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Google និង OpenAI បានឈានដល់កម្រិតពិន្ទុមេដាយមាសជាលើកដំបូង ប៉ុន្តែមិនទាន់អាចស្មើសមត្ថភាពរបស់បេក្ខជនជាមនុស្សចំនួន ៥នាក់ ដែលទទួលបាន១០០% នោះទេ។

គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៦នេះ បេក្ខជនសរុប ៦៦៦នាក់មកពីប្រទេសផ្សេងៗ បានចូលរួមប្រកួតព្រឹត្តិការណ៍ខាងលើ នៅទីក្រុងសៀងហៃនៃប្រទេសចិន។ យោងតាមតារាងពិន្ទុផ្លូវការរបស់ IMO មានតែ៧នាក់ប៉ុណ្ណោះ ដែលទទួលបានពិន្ទុពេញ។ បេក្ខជនចូលរួមការប្រកួត IMO ដែលប្រារព្ធឡើងនៅទីតាំងខុសៗគ្នារៀងរាល់ឆ្នាំ ត្រូវមានអាយុក្រោម២០ឆ្នាំ៕