លោក ត្រាំ ព្រមានថា រាល់ពេលអ៊ីរ៉ង់វាយប្រហារនាវាមួយគ្រឿង អាមេរិកនឹងកម្ទេចស្ពាន និងរោងចក្រអគ្គិសនីមួយកន្លែង
22-07-2026 21:48
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ បានបន្តគំរាមវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ីរ៉ង់ ដោយបានប្រកាសថា សហរដ្ឋអាមេរិកនឹងវាយកម្ទេចស្ពាន ឬរោងចក្រអគ្គិសនីមួយកន្លែង រាល់ពេលដែលទីក្រុងតេហេរ៉ង់ វាយប្រហារលើនាវាមួយគ្រឿងនៅច្រកសមុទ្រហ័រមូស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមរយៈការបង្ហោះសារនៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានសង្កត់ធ្ងន់ថា «រាល់ពេលដែលសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បាញ់ប្រហារទៅលើនាវានៅច្រកសមុទ្រហ័រមូស មិនថាតាមរយៈមីស៊ីល រ៉ុក្កែត ដ្រូន ឬអាវុធណាមួយក៏ដោយ សហរដ្ឋអាមេរិកនឹងទម្លាក់គ្រាប់បែកកម្ទេច ស្ពាន ឬរោងចក្រអគ្គិសនីមួយកន្លែង ជាការសងសឹក រួមទាំងទីតាំងដែលស្ថិតនៅក្បែរ ឬនៅចំកណ្តាលរដ្ឋធានីតេហេរ៉ង់ផ្ទាល់តែម្តង»។
ការគំរាមកំហែងនេះធ្វើឡើងស្របពេលដែលអាមេរិក និងអ៊ីរ៉ង់ បានបង្កើនការវាយប្រហារដាក់គ្នាជាបន្តបន្ទាប់ បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់បណ្តោះអាសន្នដែលបានចុះហត្ថលេខាកាលពីខែមុន បានដួលរលំ ហើយការដណ្តើមអំណាចគ្រប់គ្រងច្រកសមុទ្រហ័រមូសកាន់តែមានភាពស្រួចស្រាវ ដែលបង្កើនហានិភ័យនៃការវិលត្រឡប់ទៅរកសង្គ្រាមពេញទំហឹង។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញច្បាប់អន្តរជាតិ និងមេដឹកនាំពិភពលោកមួយចំនួន បានចេញមុខរិះគន់យ៉ាងខ្លាំងចំពោះការគំរាមកំហែងរបស់លោក ត្រាំ ក្នុងការកំណត់គោលដៅវាយប្រហារលើស្ពាន និងរោងចក្រអគ្គិសនី ដោយពួកគេចាត់ទុកថា ទង្វើបែបនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ដែលហាមឃាត់ដាច់ខាតមិនឱ្យមានការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឡើយ៕
