ប្រមុខការទូតអាមេរិកប្រាប់អាស៊ាន៖ បណ្ដោយឱ្យអ៉ីរ៉ង់គ្រប់គ្រង Hormuz នឹងបង្កើតគំរូដ៏គ្រោះថ្នាក់ (Video inside)
22-07-2026 10:32
(ម៉ានីល)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦ ថាការគ្រប់គ្រងណាមួយរបស់អ៉ីរ៉ង់លើច្រកសមុទ្រ Hormuz នឹងបង្កើតជាគំរូដ៏គ្រោះថ្នាក់បំផុតមួយដែលនឹងបង្កផលវិបាកមិនមែនត្រឹមតែក្នុងតំបន់មជ្ឈិមបូព៌ាប៉ុណ្ណោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការអត្ថាធិប្បាយរបស់លោក Rubio ធ្វើឡើងបន្ទាប់ពីទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក បានប្រកាសថាខ្លួនបានចាប់ផ្ដើមការវាយប្រហារតាមផ្លូវអាកាសលើគោលដៅយោធាក្នុងប្រទេសអ៉ីរ៉ង់ ១១យប់ជាប់ៗគ្នា ក្នុងគោលបំណងបំបាក់សមត្ថភាពរបស់អ៉ីរ៉ង់កុំឱ្យគំរាមកំហែងដល់កប៉ាល់ដឹកទំនិញឆ្លងកាត់ច្រកសមុទ្រ Hormuz។ ថ្លែងទៅកាន់ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន លោកប្រមុខការទូតអាមេរិកបានកត់សម្គាល់ថា «ប្រសិនបើយើងបង្កើតគំរូមួយនៅក្នុងតំបន់មជ្ឈិមបូព៌ា ជាទីដែលប្រទេសមួយអាចសម្រេចចិត្តដើម្បីគ្រប់គ្រងលើផ្លូវទឹកអន្តរជាតិមួយ ដូចជាការយកថ្លៃឆ្លងកាត់ និងបំផ្ទុះកប៉ាល់របស់អ្នកប្រសិនបើអ្នកមិនព្រមបង់លុយ នោះមានន័យថាយើងបានបង្កើតគំរូដ៏គ្រោះថ្នាក់បំផុតមួយដែលអាចនឹងកើតឡើងច្រំដែលនៅកន្លែងផ្សេងទៀត ជុំវិញពិភពលោក ក្នុងនោះរួមមានទាំងតំបន់នេះ (អាស៊ី) ផងដែរ»។
លោក Rubio បានបន្ថែមថាសេរីភាពនៃការធ្វើនាវាចរកំពុងត្រូវបានគំរាមកំហែង ហើយពិភពលោកគួរតែចូលរួមទប់ស្កាត់កុំឱ្យរឿងបែបនេះកើតឡើង។ យ៉ាងណាក៏ដោយ បើតាមលោកប្រមុខការទូតអាមេរិក សហរដ្ឋអាមេរិកនៅតែបើកចំហទ្វារការទូតជាមួយអ៉ីរ៉ង់ តែតេហេរ៉ង់ទៅវិញទេដែលគ្មានភាពប្រាកដប្រជា៕



