FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់៖ ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសចិន ជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការយុគសម័យ AI

21-07-2026 17:55

(ភ្នំពេញ)៖ ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសចិន ចាប់ពីថ្ងៃទី១៥ ដល់ ១៧ ខែកក្កដា ឆ្នាំ២០២៦ថ្មីៗនេះ ពិតជាមានមានអត្ថន័យនយោបាយ និងយុទ្ធសាស្ត្រជ្រាលជ្រៅហើយជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការយុគសម័យ AI។
ការលើកឡើងរបស់ ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់នេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយ អ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជា-ចិន នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បានលើកឡើងថា នេះជាវេលាល្អ សម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការគូសបញ្ជាក់ពីការជឿជាក់ដ៏រស់រវើក និងរឹងមាំដាច់ខាតនៃ «មិត្តភាពដែកថែប» កិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» និងការប្តេជ្ញាចិត្តរួមគ្នាបន្តកសាងសហគមន៍ជោគវាសនារួម គ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី។

ឯកឧត្តមបញ្ជាក់ ទំនាក់ទំនងកម្ពុជា-ចិន ក្នុងសម័យកាលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងបោះជំហានឈានចូលដំណាក់កាលថ្មីមួយទៀត នៃកិច្ចសហប្រតិបត្តិការ។

ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ បានគូសរំលេចផងដែរថា កន្លងមកកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍជាតិ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរឹងដូចជា ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ រោងចក្រ និងមូលដ្ឋានសេដ្ឋកិច្ចជាច្រើន ដែលជួយបង្កើតការងារ ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋទូទាំងប្រទេស។

សម្រាប់ដំណើរទស្សនកិច្ចនាពេលនេះ ជាមួយនឹងទំនុកចិត្តនយោបាយដ៏ខ្ពស់រវាងទីក្រុងភ្នំពេញ និងទីក្រុងប៉េកាំង រួមទាំងការដែលកម្ពុជាបានក្លាយជារដ្ឋសមាជិកស្ថាបនិកនៃអង្គការកិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក (WAICO) គឺជា «ការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទន់បន្ថែមសម្រាប់អនាគតកាល» ដែលក្នុងនោះ រួមមានជាពិសេស បញ្ញាសិប្បនិម្មិត (AI), សេដ្ឋកិច្ចឌីជីថល, នវានុវត្តន៍វិទ្យាសាស្ត្រ, ថាមពលបៃតង និងការអភិវឌ្ឍធនធានមនុស្សដែលពាក់ព័ន្ធ ឬជាប់ពាក់ព័ន្ធនឹងបច្ចេកវិទ្យាទំនើបៗ៕

វិទ្យុមិត្តភាពកម្ពុជាចិន