លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកវាយប្រហារយ៉ាងខ្លាំងលើអ៉ីរ៉ង់ សងសឹកឱ្យទាហានអាមេរិកត្រូវបានសម្លាប់ (Video inside)
20-07-2026 08:24
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក) បាននិយាយថាការវាយប្រហារយោធាលើកចុងក្រោយបំផុតលើអ៉ីរ៉ង់ត្រូវបានធ្វើឡើងជាការសងសឹកឱ្យទាហានអាមេរិកដែលត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីរ៉ង់កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានខណៈរូបលោកត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ បន្ទាប់ពីចូលរួមទស្សនាការប្រកួត World Cup វគ្គផ្ដាច់ព្រ័ត្រ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «នៅយប់នេះយើងវាយប្រហារយ៉ាងខ្លាំងលើពួកគេ ហើយយើងបានធ្វើវាដើម្បីឧទ្ទិសដល់ទាហានអាចមានចំនួន ៣នាក់ដែលជាវីរបុរសជាតិដ៏អស្ចារ្យ»។ លោកបន្ថែមថា «យើងពិតជាមានអារម្មណ៍សោកសៅជាទីបំផុត នៅពេលត្រូវបានសាកសួរអំពីការបាត់បង់អាយុជីវិតនៅក្នុងចំណោមយោធា ហើយអ្នកដែលបានពលីក្នុងការប្រយុទ្ធគឺដើម្បីរារាំងកុំឱ្យអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ»។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក ត្រាំ ធ្វើឡើងក្នុងថៃ្ងតែមួយដែលយោធាអាមេរិកបានប្រកាសពីការវាយប្រហារយប់ទី៩ ជាប់ៗគ្នាលើអ៉ីរ៉ង់។ ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក (CENTCOM) ក៏បានបញ្ជាក់ដែរថាការវាយប្រហារតាមផ្លូវអាកាសទាំងនោះនឹងបន្តបំបាក់សមត្ថភាពរបស់អ៉ីរ៉ង់កុំឱ្យបន្តវាយប្រហារលើកប៉ាល់ដឹកប្រេងក្នុងតំបន់ច្រកសមុទ្រ Hormuz។
តាម CENTCOM ទាហានអាមេរិក ២នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៉ីរ៉ង់លើកងកម្លាំងអាមេរិកក្នុងប្រទេសហ្ស៊កដានី កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយនេះជាលើកដំបូងបំផុត ដែលទាហានអាមេរិកបានស្លាប់ចាប់តាំងពីសង្រ្គាមផ្ទុះឡើងជាថ្មីកាលពីថ្ងៃទី៧ ខែកក្កដាមក ខណៈទាហានអាមេរិកម្នាក់ទៀតបានបាត់ខ្លួន៕




