លោក ត្រាំ ចាត់ទុកការធ្វើជាម្ចាស់ផ្ទះ World Cup គឺជាជ័យជម្នះដ៏ធំរបស់អាមេរិក ខណៈត្រៀមប្រគល់ពាននៅវគ្គផ្តាច់ព្រ័ត្រ
19-07-2026 20:12
(ញូវយ៉ក)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់បាល់ទាត់ពិភពលោក (World Cup) នៅវគ្គផ្តាច់ព្រ័ត្ររវាងអាហ្សង់ទីន និងអេស្ប៉ាញ នាថ្ងៃអាទិត្យនេះ។ សម្រាប់លោក ត្រាំ ការរៀបចំព្រឹត្តិការណ៍នេះយ៉ាងរលូន គឺជាជ័យជម្នះពិតប្រាកដរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។
ថ្លែងនៅក្នុងពិធីជប់លៀងរបស់ FIFA លោក ត្រាំ បានសង្កត់ធ្ងន់ថា អាមេរិកក៏ជាប្រទេសបាល់ទាត់មួយដ៏អស្ចារ្យដែរ ហើយព្រឹត្តិការណ៍នេះពិតជាបាននាំពិភពលោកឱ្យមកជួបជុំគ្នា។ ភាពជោគជ័យនេះ កើតឡើងក្រោយពីសេតវិមានបានជម្នះឧបសគ្គផ្នែកភស្តុភារ និងនយោបាយអស់ជាងមួយឆ្នាំ ក្នុងការធ្វើជាសហម្ចាស់ផ្ទះជាមួយកាណាដា និងម៉ិកស៊ិក ជាពិសេសការដោះស្រាយរឿងរ៉ាវស្មុគស្មាញពាក់ព័ន្ធនឹងគោលនយោបាយអន្តោប្រវេសន៍តឹងរ៉ឹង និងការរឹតបន្តឹងទិដ្ឋាការលើក្រុមជម្រើសជាតិ និងអ្នកគាំទ្រអ៊ីរ៉ង់ ក្រោយអាមេរិកបើកសង្គ្រាមជាមួយអ៊ីរ៉ង់។
ទោះបីជាយ៉ាងណាក្តី លោក ត្រាំ ធ្លាប់បានបង្កភាពចម្រូងចម្រាសកាលពីដើមខែ ដោយបានអន្តរាគមន៍ឱ្យប្រធាន FIFA លុបចោលកាតក្រហមរបស់ខ្សែប្រយុទ្ធអាមេរិក ហ្វូឡារីន បាឡូហ្គាន់ (Folarin Balogun) ដើម្បីអាចចូលលេងទល់នឹងបែលហ្ស៊ិក ដែលលោកចាត់ទុកថាជាការសម្រេចចិត្តដ៏ឆ្លាតវៃរបស់ FIFA។ មន្ត្រីសេតវិមានបានការពារការអន្តរាគមន៍នេះថា រដ្ឋាភិបាលមានកាតព្វកិច្ចធានាសុចរិតភាពនៃការប្រកួត ដោយសារអាមេរិកបានចំណាយថវិការាប់ពាន់លានដុល្លារ។
គួរបញ្ជាក់ថា ភាពជោគជ័យនៃការរៀបចំ World Cup ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនេះ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការលើកមុខមាត់អាមេរិក ខណៈប្រទេសនេះកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២៨ អូឡាំពិករដូវរងាឆ្នាំ២០៣៤ និងការរំពឹងទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ World Cup នារី ឆ្នាំ២០៣១ ខាងមុខនេះផងដែរ៕



