លោក ត្រាំ បន្ទោសកាណាដា ជុំវិញបញ្ហាភ្លេីងឆេះព្រៃ ហេីយថានឹងដាក់ពន្ធបន្ថែម (Video inside)
18-07-2026 22:48
(វ៉ាស៉ីនតោន)៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបន្ទោសប្រទេសកាណាដាចំពោះបញ្ហាផ្សែងពីភ្លើងឆេះព្រៃដែលបានហុយមកគ្របដណ្តប់លើសហរដ្ឋអាមេរិក ហើយថានឹងដោះស្រាយបញ្ហាបំពុលបរិយាកាសនេះ ដោយធ្វេីឱ្យកាណាដាចំណាយច្រេីន តាមរយៈការដាក់ពន្ធគយបន្ថែមលេីពន្ធដែលមានស្រាប់សម្រាប់ទំនិញរបស់កាណាដា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦។
លោក ត្រាំ ដែលមានទំនាក់ទំនងមិនសូវចុះសម្រុងជាមួយលោកនាយករដ្ឋមន្ត្រី Mark Carney បាននិយាយថា លោកនឹងទាក់ទងទៅមេដឹកនាំកាណាដា ដើម្បីសាកសួរអំពីផែនការរបស់គាត់ ក្នុងការដោះស្រាយស្ថានភាពដែលមិនអាចទទួលយកបានទាំងស្រុងនោះ។
នៅលេីបណ្តាញសង្គម Truth Social លោក ត្រាំ សរសេរថា «យើងចាត់ទុកកាណាដាថាជាអ្នកទទួលខុសត្រូវចំពោះការណ៍ដែលពួកគេមិនបានថែរក្សាព្រៃឈើរបស់ខ្លួនឱ្យបានត្រឹមត្រូវ ហើយសហរដ្ឋអាមេរិកកំពុងរងការបំពានដោយមិនចាំបាច់ពីខ្យល់អាកាសដ៏កខ្វក់ ពោរពេញដោយការបំពុល និងបង្កគ្រោះថ្នាក់ដល់សុខភាព»។
លោក ត្រាំ បន្ថែមថា នេះគឺជាការធ្វេសប្រហែសដោយចេតនា ហើយវាកំពុងក្លាយជាបញ្ហាដែលកើតឡើងជារៀងរាល់ឆ្នាំ បង្កឱ្យសហរដ្ឋអាមេរិកខាតបង់ប្រាក់រាប់ពាន់លានដុល្លារ ដូច្នេះថ្លៃនៃការបំពុលនេះចាំបាច់ត្រូវតែបូកបញ្ចូលទៅក្នុងពន្ធគយដែលកាណាដាកំពុងបង់នាពេលបច្ចុប្បន្ន។
គួរបញ្ជាក់ថា ផ្សែងយ៉ាងក្រាស់ឃ្មឹកដែលកើតចេញពីភ្លេីឆេះព្រៃរាប់រយទីតាំងក្នុងប្រទេសកាណាដា បានគ្របដណ្ដប់លើតំបន់មួយចំនួនរបស់សហរដ្ឋអាមេរិក ចាប់ពី Midwest រហូតដល់ Northeast កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដែលជំរុញឱ្យមានការចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យស្ថិតនៅក្នុងផ្ទះ៕
