លោក Xi Jinping ជួបសន្ទនាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា
18-07-2026 16:22
(ប៉េកាំង)៖ នៅរសៀលថ្ងៃទី ១៧ ខែកក្កដា នៅសណ្ឋាគារជាយខាងលិចក្រុងសៀងហៃ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលអញ្ជើញចូលរួមកិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ២០២៦ និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកល ព្រមទាំងបំពេញទស្សនកិច្ចការងារនៅប្រទេសចិន។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា មិត្តភាពដែកថែបនៃប្រទេសទាំងពីរចិននិងកម្ពុជា បានឆ្លងកាត់ការសាកល្បងគ្រប់បែបយ៉ាង ភាគីទាំងពីរគួរបន្តវែនមិត្តភាពដែកថែបដែលមានការពូនជ្រុំដោយថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសទាំងពីរ បង្កើនការកសាងទំនុកចិត្តរវាងគ្នានិងគ្នា ធ្វើឱ្យកិច្ចសហប្រតិបតិ្តការមានភាពស្អិតល្មួត ដើម្បីជំរុញឱ្យកិច្ចកសាងសហគមន៍ជោគវាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មីចិន-កម្ពុជា ឈានទៅកាន់កម្រិតកាន់តែខ្ពស់ ក៏ដូចជាផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ឆ្នាំនេះជាខួបទី៧៥ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ប្រទេសចិនរីករាយបង្កើនការផ្លាស់ប្តូរបទពិសោធអំពីការគ្រប់គ្រងបក្សនិងអភិបាលកិច្ចជាមួយភាគីកម្ពុជា និងដើរយ៉ាងមុតមាំតាមមាគ៌ាកិច្ចសហប្រតិបតិ្តការមិត្តភាពរវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មីឱ្យបានល្អ ។ ប្រទេសចិនគាំទ្រភាគីកម្ពុជានិងថៃស្វែងរកដំណោះស្រាយតាមរយៈកិច្ចសន្ទនានិងការចរចា ហើយរីករាយដើរតួនាទីយ៉ាងសកម្មក្នុងកិច្ចការនេះ។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រទេសចិនដែលបានផ្តល់ការគាំទ្រនិងការផ្តល់ជំនួយអត់លក្ខខណ្ឌដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។ ប្រទេសកម្ពុជានឹងប្រកាន់ខ្ជាប់គោលការណ៍ចិនមួយ យ៉ាងមុតមាំ រីករាយបន្តវែនមិត្តភាពជាប្រពៃណីជាមួយប្រទេសចិន អនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ធ្វើឱ្យការកសាងទំនុកចិត្តខាងនយោបាយកាន់តែស៊ីជម្រៅ ពង្រីកពាណិជ្ជកម្មនៃប្រទេសទាំងពីរ បង្កើនការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជំរុញឱ្យការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានសមិទ្ធផលកាន់តែច្រើន ។ ប្រទេសកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រទេសចិនដែលបានធ្វើការផ្សះផ្សា និងការចរចាដោយសន្តិវិធីយ៉ាងសកម្ម ដើម្បីជំរុញឱ្យការដោះស្រាយជម្លោះតំបន់ព្រំដែនរវាងកម្ពុជានិងថៃដោយសន្តិវិធី កម្ពុជានឹងប្រកាន់ខ្ជាប់ការធ្វើកិច្ចសន្ទនា និងការចរចា ដើម្បីបន្ធូរបន្ថយស្ថានការណ៍៕
វិទ្យុមិត្តភាពកម្ពុជាចិន
