រដ្ឋមន្រ្តីការបរទេសអាមេរិក នឹងធ្វើដំណើរទៅហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំជាមួយក្រុមប្រទេសអាស៉ី-ប៉ាស៉ីហ្វិក
18-07-2026 13:36
(វ៉ាស៉ីនតោន)៖ នាចុងសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio នឹងចេញដំណើរទៅចូលរួមកិច្ចប្រជុំជាមួយក្រុមប្រទេសអាស៉ី-ប៉ាស៉ីហ្វិក នៅទីក្រុងម៉ានីល ជាទីដែលរូបលោកត្រូវបានរំពឹងថា នឹងជួបជាមួយសមភាគីចិន ដើម្បីជជែកពីការរៀបចំកិច្ចប្រជុំកំពូលនាខែកញ្ញា រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦។
រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi ត្រូវបានរំពឹងថា នឹងមានវត្តមាននៅឯរដ្ឋធានីនៃប្រទេសហ្វីលីពីន នាសប្តាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំមួយចំនួន ដែលពាក់ព័ន្ធប្លុកអាស៊ានដែលមាន១១ប្រទេស ហើយនិងរដ្ឋមន្រ្តីការបរទេសមកពីប្រទេសជប៉ុន អូស្រ្តាលី កាណាដា ចក្រភពអង់គ្លេស ព្រមទាំង រុស្ស៉ី។ ការជួបជុំនេះ គឺចំពេលដែលពិភពលោកប្រឈមនឹងអស្ថិរភាព ខណៈសង្រ្គាមអ៉ីរ៉ង់បាននិងកំពុងរំខានការធ្វើពាណិជ្ជកម្មជាសកល ហើយបង្កើតជាសម្ពាធសេដ្ឋកិច្ចនៅទូទាំងតំបន់អាស៉ី។
ក្រសួងការបរទេសអាមេរិក បាននិយាយថា លោក Rubio នឹងចេញដំណើរទៅទីក្រុងម៉ានីល នាថ្ងៃអាទិត្យ ដើម្បីចូលរួមសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៉ីបូព៌ា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃវេទិកាតំបន់អាស៊ាន។ នាឱកាសនោះ លោក Rubio ក៏នឹងជួបផងដែរជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល មកពីប្រទេសឥណ្ឌូ-ប៉ាស៉ីហ្វិក អំឡុងទស្សនកិច្ច ដែលនឹងបន្តរហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។
គួរបញ្ជាក់ថា អាមេរិកនិងចិន មិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ ថាប្រមុខការទូតប្រទេសទាំងពីរ នឹងជួបគ្នាអំឡុងព្រឹត្តិការណ៍ខាងលើដែរឬយ៉ាងណា ប៉ុន្តែវាត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយ ដ្បិតពីមុនៗមក អ្នកតំណាងរបស់ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងប៉េកាំង តែងតែបានធ្វើយ៉ាងដូច្នោះ។ តាមអ្នកវិភាគ ជំនួបរបស់លោក Rubio ជាមួយលោក Wang ទំនងនឹងផ្តោតទៅលើការត្រៀមរៀបចំកិច្ចប្រជុំកំពូលលើកទី២ ក្នុងឆ្នាំនេះ រវាងលោក ត្រាំ និងលោក ស៉ី ក្រោយជំនួបកាលពីខែឧសភា។ លោក ត្រាំ ធ្លាប់បានអះអាងថា លោក ស៉ី នឹងបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នាចុងខែកញ្ញា ឆ្នាំនេះ៕
