FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៉ីអះអាងថា អ៊ុយក្រែនវាយប្រហារដោយប្រើដ្រូនជាង៣៧០គ្រឿង ខណៈមនុស្ស៧នាក់ស្លាប់ និង២៤នាក់រងរបួស នៅមជ្ឈមណ្ឌលឡូជីស្ទីក

18-07-2026 11:54

(មូស្គូ)៖ អភិបាលតំបន់ Tambov នៅភាគខាងលិចប្រទេសរុស្ស៉ី បានអះអាងថា ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន លើមជ្ឈមណ្ឌលឡូជីស្ទីកមួយកន្លែង បានផ្តាច់ជីវិតមនុស្ស៧នាក់ ហើយបណ្តាលឱ្យ២៤នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦។

អភិបាលតំបន់ Tambov លោក Evgeny Pervyshov បាននិយាយថា បុគ្គលិកវេនយប់ចំនួន៧នាក់ ត្រូវបានសម្លាប់នៅពេលយន្តហោះដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារចំមជ្ឈមណ្ឌលឡូជីស្ទីគរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញ Wildberries នៅក្រុង Kotovsk ហើយមនុស្ស២៤នាក់ផ្សេងទៀត បានរងរបួស។

ទន្ទឹមគ្នា អភិបាលទីក្រុងមូស្គូ លោក Sergei Sobyanin បានប្រកាសថា យន្តហោះដ្រូនអ៊ុយក្រែនសរុបជាង៣៧០គ្រឿង បានហោះឆ្ពោះមករកតំបន់រដ្ឋធានីនេះ កាលពីវេលាយប់កន្លងទៅ ប៉ុន្តែភាគច្រើនត្រូវបានបាញ់កម្ទេចបានទាន់ពេល។

គួរបញ្ជាក់ថា ប៉ុន្មានខែមកនេះ ទីក្រុងកៀវបានបង្កើនយុទ្ធនាការវាយប្រហារចូលជ្រៅក្នុងទឹកដីរបស់រុស្ស៉ី ហើយបានអះអាងថា វាគឺជាទង្វើសងសឹកស្មើភាពគ្នា សម្រាប់ការដែលរុស្ស៉ីបន្តវាយប្រហារមីស៉ីលនិងដ្រូនសឹងតែរៀងរាល់ថ្ងៃ ទៅលើទឹកដីអ៊ុយក្រែន អំឡុងសង្រ្គាមរយៈពេលជាង៤ឆ្នាំកន្លះមកនេះ៕