FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វ៉េណេស៊ុយអេឡា៖ ចំនួនអ្នកស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី បន្តកើនឡើងដល់លើស៥០០០នាក់

18-07-2026 11:02

(ការ៉ាកាស)៖ គ្រោះរញ្ជួយដីភ្លោះ ដែលបានវាយប្រហារយ៉ាងសាហាវលើប្រទេសវ៉េណេស៊ុយអេឡា កាលពីខែមុន នាពេលនេះ បានផ្តាច់ជីវិតមនុស្សកើនដល់​លើស៥០០០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦។

គ្រោះរញ្ជួយដីចំនួនពីរ មួយមានកម្រិត៧,២រ៉ិចទ័រ និងមួយទៀតកម្រិត៧,៥រ៉ិចទ័រ បានកើតឡើងផ្ទួនគ្នាកាលពីថ្ងៃទី២៤ ខែមិថុនា ហើយបានបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ នៅរដ្ឋ La Guaira ជាប់ភាគខាងជើងរដ្ឋធានីការ៉ាកាស។ ប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា លោក Jorge Rodriguez បានឱ្យដឹងថា ចំនួនមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយនេះ បានបន្តកើនដល់៥០៦៩នាក់ ហើយភាគច្រើនគឺនៅរដ្ឋ La Guaira។

ប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បាននិយាយថា វ៉េណេស៊ុយអេឡាទើបទទួលបានថវិកា ៣៤៦លានដុល្លារ ពីអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដើម្បីយកមកប្រើប្រាស់សម្រាប់កិច្ចប្រឹងប្រែងស្តារប្រទេសឡើងវិញ ក្រោយគ្រោះរញ្ជួយដី។ វ៉េណេស៊ុយអេឡា មានទ្រព្យសម្បត្តិបម្រុងខ្ទង់៥,១ពាន់លានដុល្លារ នៅក្នុង IMF ដែលកន្លងមកត្រូវបានបិទខ្ទប់ ដោយសារស្ថាប័ននេះមិនទទួលស្គាល់លោក Nicolas Maduro ជាប្រធានាធិបតី។

គួរបញ្ជាក់ថា កាលពីខែមេសា IMF និងធនាគារពិភពលោក បានប្រកាសថា ពួកគេកំពុងស្តារទំនាក់ទំនងឡើងវិញជាមួយវ៉េណេស៊ុយអេឡា បន្ទាប់ពីសហរដ្ឋអាមេរិក បានផ្តួលរំលំលោក Maduro ក្នុងប្រតិបត្តិការយោធាដ៏ភ្ញាក់ផ្អើលមួយ កាលពីខែមករា ដើមឆ្នាំនេះ។ ទំនាក់ទំនងរបស់វ៉េណេស៊ុយអេឡា ជាមួយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិទាំង២ ត្រូវបានផ្អាកចាប់តាំងពីឆ្នាំ២០១៩៕