FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិភាគអន្តរជាតិ៖ គំរាមបង្កើនជម្លោះជាមួយអ៉ីរ៉ង់ តើលោក ត្រាំ កំពុងធ្វើកំហុសច្រំដែលឬ?

18-07-2026 10:38

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើនការវាយប្រហារតាមផ្លូវអាកាសលើអ៉ីរ៉ង់ ហើយបានគំរាមបង្កើនជម្លោះកាន់តែធំ។ ប៉ុន្តែវាមានសញ្ញាតិចតួចប៉ុណ្ណោះថាយុទ្ធសាស្ត្រយោធាមួយដែល បានបរាជ័យរួចទៅហើយនោះក្នុងការបង្ខំឱ្យតេហេរ៉ង់ធ្វើសម្បទាន នឹងទទួលបានជោគជ័យនៅលើកនេះ។ ជាមួយការដួលរលំកិច្ចព្រមព្រៀងបទឈប់បាញ់បណ្ដោះអាសន្ន ដែលបានឈានដល់កាលពីមួយខែមុន លោក ត្រាំ បានធ្លាក់ចូលក្នុងស្ថានការណ៍លំបាកមួយក្នុងពេលរូបលោកកំពុងព្យាយាមបំបែកការគ្រប់គ្រងរបស់អ៉ីរ៉ង់លើច្រកសមុទ្រ Hormuz និងបង្ខំឱ្យតេហេរ៉ង់ទទួលយកសំណើរបស់លោក។

ខណៈសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ត្រូវបានគេមើលឃើញថាមកទល់នឹងពេលនេះនៅតែមានចេតនាចង់បញ្ចៀសកុំឱ្យជម្លោះពេញទំហឹងផ្ទុះឡើង ក្ដីសង្ឃឹមក្នុងការស្វែងរកដំណោះស្រាយការទូតមួយឱ្យបានឆាប់ៗ បាន និងកំពុងរលាយបាត់សន្សឹមៗនៅក្នុងវិបត្តមួយដែលជាថ្មីម្ដងទៀតបានធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ និងរង្គើរដល់ទីផ្សារហិរញ្ញវត្ថុ។ សហរដ្ឋអាមេរិកបានបើកការវាយប្រហារ៦ថ្ងៃជាប់គ្នាៗលើអ៉ីរ៉ង់គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦។ រីឯអ៉ីរ៉ង់វិញបានឱ្យសញ្ញាថានឹងបញ្ចុះបញ្ចូលឱ្យសម្ព័ន្ធមិត្តរបស់ខ្លួននៅយេម៉ែន គឺក្រុមហ៊ូទីបិទច្រកសមុទ្រ Bab al-Mandeb ដែលជាផ្លូវទឹកដ៏សំខាន់មួយក្នុងតំបន់សមុទ្រក្រហម ប្រសិនបើ ទីក្រុងវ៉ាស៊ីនតោនវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៉ីរ៉ង់ដូចការគំរាមរបស់លោក ត្រាំមែននោះ។

ជាសញ្ញានៃការកើនឡើងការខកចិត្ត លោក ត្រាំ បានបើកកិច្ចភាក្សាជាមួយក្រុមមន្ត្រីជំនិតៗរបស់លោក ហើយមានពេលខ្លះមានការនិយាយជាសារធារណៈអំពីលទ្ធភាពនៃការពង្រីកគោលដៅវាយប្រហារ ក្នុងនោះរួមមានរោងចក្រថាមពល ស្ពាន ការបញ្ជូនទ័ពថ្មើរជើងដើម្បីដណ្ដើមកាន់កាប់កោះ Kharg របស់អ៉ីរ៉ង់ និងការទម្លាក់គ្រាប់បែកកម្ទេចភ្នំ Pickaxe ដែលមានលាក់ពួនទៅដោយ រោងច្រកនុយក្លេអ៊ែរក្រោមដី។ មួយចំនួននៃជម្រើសទាំងអស់នេះប្រហែលជាមិនអាចធ្វើទៅកើតទេដោយសារតែប្រឈមហានិភ័យខ្ពស់ រួមទាំងការប្រឆាំងក្នុងស្រុក និងផលវិបាក ខាងភូមិសាស្ត្រនយោបាយ។ កន្លងមកលោក ត្រាំក៏ធ្លាប់បានគំរាមដូចគ្នានេះដែរ តែចុងបញ្ចប់ត្រូវដកថយវិញ។ ក្រុមអ្នកជំនាញភាគច្រើនយល់ថាការបង្កើនជម្លោះរបស់សហរដ្ឋអាមេរិកដោយមិនបញ្ជូន ទ័ពថ្មើរជើងចូលផ្ដួលរលំរបបដឹកនាំតេហេរ៉ង់ទេ នោះវាមានឱកាសតិចតួចណាស់ថាការវាយប្រហារតាមផ្លូវអាកាសអាចនឹងបង្ខំឱ្យអ៉ីរ៉ង់ចុះញ៉ម។ ពោលគឺវានឹងមិនខុសគ្នាពីការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែលក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់ឡើយ។

«វាគ្មានហេតុផលដែលអាចជឿបានថាការវាយប្រហារលើកចុងក្រោយបំផុតនេះ ឬសកម្មភាពណាមួយដែលលោកប្រធានាធិបតី (ត្រាំ) គ្រោងនឹងធ្វើអាចនឹងបង្ខំឱ្យអ៉ីរ៉ង់ផ្លាស់ប្ដូរការគិតរបស់ពួកគេនោះទេ។ ផ្ទុយទៅវិញ វាកាន់តែធ្វើឱ្យពួកគេ (អ៉ីរ៉ង់) មានជំហរកាន់តែរឹងរូសក៏ថាបាន»។ នេះជាការយល់ឃើញរបស់លោក ​Jonathan Panikoff ជាអ្នកជំនាញម្នាក់ពីតំបន់មជ្ឈិមបូព៌ាមកពី Atlantic Council មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន។ ឆ្លើយតបទៅនឹងសំណួររបស់ Reuters មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលលោក ត្រាំ បាននិយាយថាលោកប្រធានាធិបតីនៅតែបើកចំហទ្វារការទូត ប៉ុន្តែឥលូវភាសាដែលនិយាយទៅអ៉ីរ៉ង់អាចយល់គ្នាបាន គឺកម្លាំងយោធា ហើយសហរដ្ឋអាមេរិកនឹងបន្តឱ្យអ៉ីរ៉ង់ទទួលខុសត្រូវចំពោះការធ្វើសកម្មភាពភេរវកម្មក្នុងតំបន់ច្រកសមុទ្រ Hormuz។

* ការដួលរលំកិច្ចព្រមព្រៀងបណ្ដោះអាសន្ន

ការដួលរលំកិច្ចព្រមព្រៀងបណ្ដោះអាសន្នកើតមានឡើងចំពេលលោក ត្រាំ កំពុងប្រឈមមុខនឹងសម្ពាធឱ្យបិទបញ្ចប់សង្រ្គាមមួយដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ ភាគច្រើនលើសលុបនៅអ៉ីរ៉ង់ និងលីបង់ ធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ និងអត្រាគាំទ្ររបស់លោកធ្លាក់ចុះ នៅមុខការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកាចូលមកដល់។ កិច្ចចរចាដើម្បីប្រែក្លាយកិច្ចព្រមព្រៀងបឋមទៅជាកិច្ចព្រមព្រៀងសន្តិភាពអចិន្ត្រៃយ៍មួយបានជាប់គាំងទៅហើយ បើទោះជាមានកិច្ចប្រឹងប្រែងការទូតនៅពីក្រោយឆាកក៏ដោយ។ លោក ត្រាំ​បានសាទរនូវអ្វីដែលលោកអះអាងថាការដោះលែងពលរដ្ឋអាមេរិកម្នាក់ជាប់ឃុំខ្លួននៅអ៉ីរ៉ង់។ តែខាងតុលាការអ៉ីរ៉ង់ប្រកែកថាមិនមានការដោះលែង ឬដោះដូរអ្នកទោសណាមួយទេ។ លោក ត្រាំ ប្រហែលជាសង្ឃឹមថាលោកអាចទម្លាក់គ្រាប់បែកបង្ខំឱ្យអ៉ីរ៉ង់ត្រឡប់មករកតុចរចាជុំវិញកម្មវិធីនុយក្លេអ៊ែរ ដែល លោកបានកំណត់ជាគោលដៅចម្បងនៃសង្រ្គាមរបស់លោក។ ប៉ុន្តែឫស​គល់នៃការផ្ទុះសង្រ្គាមជាថ្មីនៅពេលនេះ គឺដោយសារតែការបកស្រាយខុសគ្នាលើនិយមន័យនៃកិច្ចព្រមព្រៀងបឋមស្ដីពីការគ្រប់គ្រងច្រកសមុទ្រ Hormuz ជាទីដែលអ៉ីរ៉ង់បានបង្ហាញអំឡុងសង្រ្គាមថាខ្លួនអាចរាំងខ្ទប់ ១ភាគ៥នៃការដឹកជញ្ជូនប្រេងពិភពលោក។

អ៉ីរ៉ង់មើលឃើញថាខ្លួនមានតួនាទីមួយក្នុងការចាត់ចែងលើច្រកសមុទ្រ Hormuz ក្នុងនោះរួមមានទាំងការយកថ្លៃសេវាឆ្លងកាត់ ស្របពេលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់ឈូងសមុទ្រទទូចឱ្យត្រឡប់ទៅការធ្វើដំណើរឆ្លងកាត់ដោយសេរី។ ក្រុមអ្នកជំនាញភាគច្រើនមើលឃើញសញ្ញាតិចតួចណាស់ថាតេហេរ៉ង់នឹងធ្វើសម្បទានតាមអ្វីដែលលោក ត្រាំ ចង់បាន។ ការចាប់ផ្ដើមវាយប្រហារឡើងវិញលើកប៉ាល់របស់តេហេរ៉ង់ប៉ុន្មានថ្ងៃមកនេះ ដែលត្រូវបានសេតវិមានចាត់ទុកជាទង្វើបំពានកិច្ចព្រមព្រៀងបឋម គឺជាហេតុផលជំរុញឱ្យសហរដ្ឋអាមេរិកបើកការវាយប្រហារ និងអនុវត្តការបិទខ្ទប់កំពង់ផែអ៉ីរ៉ង់សាជាថ្មី។

ទីក្រុងវ៉ាស៊ីនតោនក៏បានលុបចោលការលើកលែងទណ្ឌកម្មដែលអនុញ្ញាតឱ្យអ៉ីរ៉ងលក់ប្រេងចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ។ មន្ត្រីអាមេរិក៣នាក់បានប្រាប់ Reuters ថាការវាយប្រហារជាបន្តបន្ទាប់របស់ សហរដ្ឋអាមេរិកអាចនឹងប្រើប្រាស់ជាប្រតិបត្តិការបើកផ្លូវមួយ ដែលនឹងផ្ដល់ឱ្យលោក ត្រាំនូវជម្រើសបន្ថែមតាមរយៈការការវាយបំបាក់សមត្ថភាពយោធាអ៉ីរ៉ង់ដែលសហរដ្ឋអាមេរិកចង់កម្ទេចជាមុនសិន មុននឹង បោះជំហាន ឬធ្វើប្រតិបត្តិការធំណាមួយ។ អ៉ីរ៉ង់បានឆ្លើយតបវិញតាមរយៈការបង្ហាញពីការត្រៀមលក្ខណៈរួចជាស្រេចសម្រាប់សង្រ្គាមធំ ដោយព្រមានថាខ្លួនអាចនឹងវាយប្រហារកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល របស់បណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ប្រសិនបើលោក ត្រាំ បង្កើនជម្លោះ។ អ៉ីរ៉ង់ត្រូវបានរាយការណ៍ថានៅតែមានមីស៊ីល និងដ្រូនក្នុងចំនួនដ៏ច្រើនក្នុងឃ្លាំង។

* សមុទ្រក្រហមត្រូវបានគំរាមកំហែង

អ៉ីរ៉ង់ក៏បានស្នើផងដែរឱ្យក្រុមឧទ្ទាមហ៊ូទីក្នុងប្រទេសយេម៉ែន ត្រៀមលក្ខណៈដើម្បីបិទសមុទ្រ Bab al-Mandeb ដែលជាផ្លូវទឹកដ៏សំខាន់មួយក្នុងតំបន់សមុទ្រក្រហម ប្រសិនបើទីក្រុងវ៉ាស៊ីនតោន វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៉ីរ៉ង់ដូចការគំរាមរបស់លោក ត្រាំមែននោះ។ នេះបើតាម​ Reuters។ បើការបិទច្រកសមុទ្រ Bab al-Mandeb កើតឡើងពិតមែន វានឹងការបង្កជាការគំរាមកំហែងថ្មីមួយដល់ការផ្គត់ផ្គង់ថាមពល ជាពិសេសចាប់តាំងពីកប៉ាល់ដឹកទំនិញជាច្រើនបានប្ដូរទៅធ្វើដំណើរឆ្លងកាត់សមុទ្រក្រហម ក្រោយមានវិបត្តិនៅច្រកសមុទ្រ Hormuz។ ក៏ប៉ុន្តែ លោក Mark Dubowitz ជាប្រធាន Foundation for Defense of Democracies ជាស្ថាប័នស្រាវជ្រាវមួយមានទំនោរប្រឆាំងនឹងអ៉ីរ៉ង់មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គម X​ ថាតេហេរ៉ង់បាន និងកំពុងយកច្រកសមុទ្រ Hormuz មកប្រើជាសន្លឹកបៀមួយនៅឯតុចរចា ដោយសារតែពួកគេស្ថិតក្នុងស្ថានភាពអស់ជម្រើស ហើយការធ្វើរបៀបនេះនឹងបង្កផលវិបាកយូរអង្វែងត្រឡប់ទៅវិញ ពីព្រោះវានឹងជំរុញឱ្យពិភពលោកពន្លឿនការសាងសង់បំពង់បង្ហូរប្រេងថ្មីៗ និងច្រករបៀងសម្រាប់ការដឹកជញ្ជូន ដើម្បីកុំឱ្យអ៉ីរ៉ង់បន្តគំរាមកំហែង។

ក្រុមអ្នកវិភាគមួយចំនួនបានលើកឡើងថា លោក ត្រាំ ដែលបានសន្យាចំពោះអ្នកបោះឆ្នោតអាមេរិកអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតក្នុងអាណត្តិទី២ថានឹងចៀសវាងការធ្វើអន្តរាគមន៍យោធានៅបរទេស ហើយផ្ដោតលើប្រយោជន៍សេដ្ឋកិច្ចអាមេរិក ប្រហែលជាកំពុងប្រព្រឹត្តកំហុសច្រំដែលដូចកាលដែលលោកបានចាប់ផ្ដើមសង្រ្គាមជាមួយអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ លោក ត្រាំ ធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ ដោយមិនមានការពន្យល់លម្អិតពីហេតុផលរបស់លោក ឬយុទ្ធសាស្ត្រដកខ្លួនចេញនោះទេ។ តែមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋបាលរបស់លោក ត្រាំ បានតបតវិញដោយទទូចថាដោយសារតែសម្ពាធយោធា និងសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក បានបង្ខំឱ្យអ៉ីរ៉ង់ចូលតុចរចា និងចុះអនុស្សារណៈយោគយល់។

តាមលោក Danny Citrinowicz ជាអ្នកស្រាវជ្រាវម្នាក់ស្ដីពីអ៉ីរ៉ង់មកពីវិទ្យាស្ថានសម្រាប់ការសិក្សាសន្តិសុខជាតិរបស់អ៉ីស្រាអែល និងធ្លាប់ជាមន្ត្រីស៊ើបការណ៍សម្ងាត់យោធាអ៉ីស្រាអែល មិនថារដ្ឋបាល លោក ត្រាំ ដាក់សម្ពាធធ្ងន់កម្រិតណា ឬក៏ចេញសារព្រមានថ្មីៗច្រើនប៉ុនណានោះទេ ក៏មេដឹកនាំអ៉ីរ៉ង់ទំនងជានឹងមិនចុះញ៉មនោះទេ។ លោកបន្ថែមថាប្រសិនបើលោកប្រធានាធិបតី ត្រាំ បន្តពង្រីកគោលដៅវាយប្រហារ នោះអ៉ីរ៉ង់ក៏នឹងពង្រីកការសងសឹកវិញក្នុងកម្រិតប្រហាក់ប្រហែលគ្នាដែរ៕