អាមេរិកវាយប្រហារអ៉ីរ៉ង់៧យប់ជាប់គ្នា ចាប់តាំងពីលោក ត្រាំ ប្រកាសថាបទឈប់បាញ់ឈានដល់ទីបញ្ចប់
18-07-2026 10:04
(វ៉ាស៉ីនតោន)៖ យោធាអាមេរិកបានឱ្យដឹងថា ខ្លួនបានបើកការវាយប្រហារសម្រាប់យប់ទី៧ ប្រឆាំងប្រទេសអ៉ីរ៉ង់ ចាប់តាំងពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសថា កិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្ន បានឈានដល់ទីបញ្ចប់ ក្រោយអរិភាពរវាងប្រទេសទាំងពីរ ផ្ទុះឡើងយ៉ាងក្តៅគគុកជាថ្មី កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នាថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦។
ទីបញ្ជាការអាមេរិក CENTCOM បាននិយាយថា ការវាយប្រហារនេះ មានគោលដៅបន្តបំផ្លាញសមត្ថភាពយោធារបស់អ៉ីរ៉ង់។ ទន្ទឹមគ្នា កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បាននិយាយថា កប៉ាល់ដឹកប្រេង២គ្រឿង បានផ្ទុះឆេះនៅច្រកសមុទ្រ Hormuz ពេលបើកឆ្លងកាត់គន្លងផ្លូវដែលមានគ្រាប់មីនក្រោមទឹក ប៉ុន្តែក្រោយមក CENTCOM បានច្រានចោលការអះអាងនេះថាជារឿងមិនពិត។ ចរាចរណ៍នៅច្រកសមុទ្រដ៏សំខាន់នេះ បានផ្អាកទៅវិញ ស្របពេលដែលអាមេរិកនិងអ៉ីរ៉ង់ បើកការវាយប្រហារសងសឹកគ្នាជាថ្មី។
កាលពីថ្ងៃសុក្រ អ៉ីរ៉ង់បានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារមូលដ្ឋានយោធាអាមេរិកជាច្រើនកន្លែង នៅពាសពេញតំបន់ឈូងសមុទ្រអារ៉ាប់ ក្នុងប្រទេសកូវ៉ែត បារ៉ែន និងហ៊្សកដានី ហើយជាលើកដំបូងនៅស៉ីរី ប៉ុន្តែការអះអាងវាយប្រហារមូលដ្ឋានអាមេរិក នៅស៉ីរីនេះ ត្រូវបានទីក្រុងវ៉ាស៉ីនតោនបដិសេធ។ រីឯនៅថ្ងៃសៅរ៍នេះ យោធាអ៉ីរ៉ង់បាននិយាយថា ខ្លួនបានបន្តវាយប្រហារគោលដៅយោធាអាមេរិក នៅកូវ៉ែតនិងហ៊្សកដានី។ ទីក្រុងវ៉ាស៉ីនតោន ក៏បានបដិសេធផងដែរ នូវការអះអាងរបស់ទីក្រុងតេហេរ៉ង់ ដែលថាកងកម្លាំងរបស់ខ្លួន បានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធនៅអ៉ីរ៉ង់។
គួរបញ្ជាក់ថា អាមេរិកនិងអ៉ីរ៉ង់បានបន្តវាយប្រហារសងសឹកគ្នាទៅមកជាប់រាល់ថ្ងៃ ចាប់តាំងពីកិច្ចចរចាបានដួលរលំ ខណៈភាពតានតឹងជុំវិញអនាគតច្រកសមុទ្រ Hormuz បានរារាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីឆ្ពោះទៅស្វែងរកការបិទបញ្ចប់សង្រ្គាមជាអចិន្រ្តៃយ៍ ចាប់តាំងពីវាផ្ទុះឡើងកាលពីចុងខែកុម្ភៈ ឆ្នាំនេះ នៅពេលសហរដ្ឋអាមេរិកបានរួមដៃជាមួយអ៉ីស្រាអែល បើកការវាយប្រហារលើអ៉ីរ៉ង់៕



