FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិកកម្ទេចប៉មឃ្លាំមើលកំពង់ផែអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់វាយបកលើមូលដ្ឋានយោធាអាមេរិកនៅក្រៅប្រទេស (Video inside)

17-07-2026 22:14

(វ៉ាស៊ីនតោន)៖ យោធាសហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃសុក្រថា ខ្លួនបានវាយកម្ទេចប៉មឃ្លាំមើលរបស់កំពង់ផែ Chabahar នៅក្នុងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍។ បញ្ជាការដ្ឋានកណ្តាលអាមេរិក (Centcom) បានបញ្ជាក់ថា ប៉មនេះត្រូវបានកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ប្រើប្រាស់សម្រាប់តាមដាន និងកំណត់គោលដៅវាយប្រហារលើនាវាពាណិជ្ជកម្ម ដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

ជាការឆ្លើយតប ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា កងកម្លាំង IRGC បានបើកការវាយប្រហារសងសឹកទៅលើទីបញ្ជាការកងប្រតិបត្តិការពិសេសរបស់អាមេរិក នៅប្រទេសស៊ីរី ព្រមទាំងបានវាយប្រហារលើប្រព័ន្ធរ៉ាដា និងយន្តហោះយោធាអាមេរិកនៅប្រទេសកាតា និងប្រទេសហ្សកដានីផងដែរ ដោយអះអាងថាបានកម្ទេចយន្តហោះអាមេរិកជាច្រើនគ្រឿង។

ទន្ទឹមនឹងនេះ ក្រសួងអគ្គិសនីគូវ៉ែត ក៏បានបញ្ជាក់ដែរថា ស្ថានីយផលិតអគ្គិសនី និងចម្រោះទឹកសាបរបស់ខ្លួន បានរងការវាយប្រហារពីអ៊ីរ៉ង់ ដែលបណ្តាលឱ្យមានការឆាបឆេះ និងរំខានដល់ប្រតិបត្តិការ។ ទោះជាយ៉ាងណា ជុំវិញការអះអាងពីការវាយប្រហាររបស់អ៊ីរ៉ង់ទាំងនេះ ទីភ្នាក់ងារសារព័ត៌មាន Reuters មិនទាន់អាចបញ្ជាក់ពីភាពត្រឹមត្រូវនៅឡើយទេ ខណៈដែលយោធាអាមេរិកក៏មិនទាន់មានការឆ្លើយតបភ្លាមៗនោះដែរ៕