FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនប្រកាសថាអាមេរិកនឹងផ្តល់ឋានៈពាណិជ្ជកម្មពិសេសដល់ទីក្រុងហុងកុងវិញ

17-07-2026 21:48

(ប៉េកាំង)៖ ប្រទេសចិន នៅថ្ងៃសុក្រ បានប្រកាសថា សហរដ្ឋអាមេរិកត្រៀមនឹងផ្តល់ឋានៈពាណិជ្ជកម្មពិសេសដល់ទីក្រុងហុងកុងឡើងវិញ បន្ទាប់ពីឋានៈនេះត្រូវបានលុបចោលកាលពីឆ្នាំ២០២០ ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ ដើម្បីឆ្លើយតបទៅនឹងការអនុម័តច្បាប់សន្តិសុខជាតិរបស់ទីក្រុងប៉េកាំងនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថាខ្លួននឹងមិនបន្តសុពលភាពនៃបទបញ្ជាប្រតិបត្តិនេះទៀតទេ បន្ទាប់ពីវាបានផុតកំណត់កាលពីដើមសប្តាហ៍នេះ។ គួររំលឹកថា បទបញ្ជានេះត្រូវបានដាក់ចេញក្នុងអាណត្តិទី១ របស់លោក ត្រាំ និងត្រូវបានពន្យារពេលជារៀងរាល់ឆ្នាំរហូតមកដល់បច្ចុប្បន្ន។ ទោះជាយ៉ាងណា សេតវិមានមិនទាន់មានការឆ្លើយតបណាមួយជុំវិញការអះអាងនេះនៅឡើយទេ។

កន្លងមក ហុងកុងធ្លាប់ទទួលបានអត្ថប្រយោជន៍ពីឋានៈសេដ្ឋកិច្ច និងពាណិជ្ជកម្មពិសេសពីសហរដ្ឋអាមេរិក ដែលមានលក្ខណៈដាច់ដោយឡែកពីប្រទេសចិន ដោយឈរលើគោលការណ៍ដែលថា ហុងកុងគឺជាដែនដីគយដាច់ដោយឡែក និងរក្សាបាននូវស្វ័យភាពកម្រិតខ្ពស់ បន្ទាប់ពីអង់គ្លេសបានប្រគល់មកឱ្យចិនវិញក្នុងឆ្នាំ១៩៩៧។

ប្រសិនបើការសម្រេចចិត្តនេះជារឿងពិត វានឹងក្លាយជាការផ្លាស់ប្តូរជំហរដ៏ធំបំផុតមួយ ហើយការណ៍នេះកើតឡើងបន្ទាប់ពីមានកិច្ចចរចាពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងនាពេលថ្មីៗនេះ ដែលបានឈានដល់ការកាត់បន្ថយពន្ធគយមួយចំនួនផងដែរ។ ការស្តារឋានៈនេះឡើងវិញ អាចនឹងធ្វើឱ្យហុងកុងទទួលបានការអនុគ្រោះលើការត្រួតពិនិត្យការនាំចេញ និងវិធានការពាណិជ្ជកម្មផ្សេងៗ ដែលកន្លងមកធ្លាប់ត្រូវបានរឹតបន្តឹងឱ្យដូចទៅនឹងចិនដីគោក ចាប់តាំងពីឆ្នាំ២០២០ មកនោះ៕