ប៉ាគីស្ថាន និងចិន អំពាវនាវជាថ្មីឱ្យអាមេរិក និងអ៊ីរ៉ង់ ត្រឡប់មកតុចរចាវិញ
17-07-2026 21:00
(សៀងហៃ)៖ រដ្ឋមន្ត្រីការបរទេសចិន និងប៉ាគីស្ថាន នៅថ្ងៃសុក្រ បានរួមគ្នាអំពាវនាវឱ្យសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ បញ្ឈប់ការប្រយុទ្ធគ្នា និងបន្តការចរចាឡើងវិញ។ នេះបើតាមសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីជំនួបពិភាក្សាគ្នានៅទីក្រុងសៀងហៃ។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។
យោងតាមក្រសួងការបរទេសចិន លោក វ៉ាង យី និងលោក អ៊ីសាគ ដា (Ishaq Dar) រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្លាក់ចុះនៃស្ថានភាពបច្ចុប្បន្ន និងបានទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់អរិភាពជាបន្ទាន់ ដើម្បីត្រឡប់ទៅរកការសន្ទនាវិញ។ កន្លងមក ប្រទេសទាំងពីរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលសន្តិភាពនៅមជ្ឈិមបូព៌ា ប៉ុន្តែជម្លោះនេះបានផ្ទុះឡើងជាថ្មីជុំវិញបញ្ហាច្រកសមុទ្រហ័រមូស ត្រឹមតែមួយខែប៉ុណ្ណោះ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពបឋម។
លោក វ៉ាង យី បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនោះគឺ «រកបានមកដោយលំបាកបំផុត»។ លោកបានបន្ថែមថា៖ «សន្តិភាពនៅចំពោះមុខយើងហើយ យើងមិនអាចដួលនៅឧបសគ្គចុងក្រោយនោះទេ ហើយរឹតតែមិនអាចបាត់បង់នូវអ្វីដែលយើងទទួលបាននោះឡើយ»។
គួររំលឹកថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបន្តការវាយប្រហារដាក់គ្នាជាថ្មីកាលពីថ្ងៃសុក្រ ដោយទីក្រុងតេហេរ៉ង់ ចោទប្រកាន់ថា ទីក្រុងវ៉ាស៊ីនតោនបានវាយប្រហារលើទីតាំងស៊ីវិល រួមមាន ព្រលានយន្តហោះ ស្ថានីយរថភ្លើង និងស្ពាន។ ជាការសងសឹក អ៊ីរ៉ង់បានបាញ់យន្តហោះដ្រូនរាប់សិបគ្រឿងទៅលើមូលដ្ឋានយោធា និងសម្ព័ន្ធមិត្តអាមេរិកនៅប្រទេសគូវ៉ែតផងដែរ។
ទន្ទឹមនឹងនេះ ច្រកសមុទ្រហ័រមូសដែលធ្លាប់បានបើកដំណើរការឡើងវិញមួយរយៈខ្លីក្រោយកិច្ចព្រមព្រៀងខែមិថុនា ពេលនេះត្រូវបានអ៊ីរ៉ង់ប្រកាសបិទវិញហើយ រហូតទាល់តែអាមេរិកបញ្ឈប់ការឈ្លានពាន ខណៈអាមេរិកក៏បានបន្តការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់វិញផងដែរ៕
