នាយករដ្ឋមន្ត្រីអេស្ប៉ាញ និងលោក ត្រាំ នឹងជួបគ្នាក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ចំពេលមានភាពតានតឹង (Video inside)
17-07-2026 19:10
(ម៉ាឌ្រីដ)៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក ប៉េដ្រូ សាន់ឆេស (Pedro Sanchez) និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងមានឱកាសជួបគ្នាម្តងទៀតនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នាថ្ងៃអាទិត្យនេះ ស្របពេលដែលទំនាក់ទំនងរវាងមេដឹកនាំទាំងពីរកំពុងស្ថិតក្នុងភាពតានតឹង ជុំវិញបញ្ហាចំណាយលើវិស័យការពារជាតិ និងសង្គ្រាមនៅអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការិយាល័យរបស់លោក សាន់ឆេស បានបញ្ជាក់កាលពីថ្ងៃសុក្រថា លោកនាយករដ្ឋមន្ត្រីនឹងធ្វើដំណើរទៅកាន់រដ្ឋ New Jersey ដើម្បីទស្សនាការប្រកួតរវាងក្រុមជម្រើសជាតិអេស្ប៉ាញ និងអាហ្សង់ទីន ដែលក្នុងព្រឹត្តិការណ៍នេះ លោក ត្រាំ ក៏អាចនឹងក្លាយជាអ្នកប្រគល់ពានរង្វាន់ដល់ក្រុមអេស្ប៉ាញផងដែរ ប្រសិនបើពួកគេទទួលបានជ័យជម្នះ។
គួររំលឹកថា កន្លងមក លោក ត្រាំ តែងតែរិះគន់អេស្ប៉ាញយ៉ាងខ្លាំង ជុំវិញការបដិសេធមិនព្រមបង្កើនការចំណាយយោធាឱ្យដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) តាមគោលដៅរបស់ណាតូ (NATO) ហើយថែមទាំងធ្លាប់គំរាមកាត់ផ្តាច់ពាណិជ្ជកម្មជាមួយអេស្ប៉ាញទៀតផង។ ប៉ុន្តែក្រោយមក លោក ត្រាំ បានបន្ទន់ឥរិយាបថវិញ ដោយទទួលស្គាល់ថាអេស្ប៉ាញបានអនុវត្តកាតព្វកិច្ចចំណាយយោធា ២ភាគរយនៃ GDP បានយ៉ាងល្អ។
ភាពតានតឹងមួយទៀត គឺការដែលលោក សាន់ឆេស បានធ្វើឱ្យរដ្ឋបាលលោក ត្រាំ ខឹងសម្បារកាលពីដើមឆ្នាំនេះ ដោយការបដិសេធមិនអនុញ្ញាតឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានយោធា និងដែនអាកាសរបស់ខ្លួន សម្រាប់ការវាយប្រហារលើប្រទេសអ៊ីរ៉ង់។ ទោះជាយ៉ាងណា ក្នុងកិច្ចប្រជុំណាតូកន្លងទៅ មេដឹកនាំទាំងពីរបានជួបសន្ទនាគ្នាជាលក្ខណៈមិត្តភាព ដោយផ្តោតតែលើប្រធានបទបាល់ទាត់ World Cup ប៉ុណ្ណោះ។
បន្ថែមពីលើវត្តមានរបស់លោកនាយករដ្ឋមន្ត្រី គ្រួសាររាជវង្សអេស្ប៉ាញ រួមមាន ព្រះមហាក្សត្រ ហ្វេលីព (King Felipe) ព្រះមហេសី ឡេទីសៀ (Queen Letizia) និងព្រះរាជធីតាទាំងពីរអង្គ ក៏បានបញ្ជាក់ពីការយាងចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះផងដែរ៕

