FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទឹកជំនន់ក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក ឆក់យកជីវិតមនុស្សពីរនាក់

17-07-2026 15:14

(Texas)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា អភិបាលរដ្ឋ Texas សហរដ្ឋអាមេរិក លោក Greg Abbott បានឱ្យដឹងនេះ ថាមនុស្ស ២នាក់បានស្លាប់ ពេលដែលទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ហូរនាំរថយន្តរបស់ពួកគេទៅ ហើយរដ្ឋកំពុងត្រៀមលក្ខណៈ សម្រាប់ភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល ២៤ម៉ោងខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Abbott និយាយថាក្រុមអ្នកឆ្លើយតបបន្ទាន់ បានជួយសង្គ្រោះមនុស្សចំនួន ២៣០នាក់។ រដ្ឋ Texas បានដាក់ពង្រាយក្រុមអ្នកឆ្លើយតបបន្ទាន់ចំនួន ២ ៣៥០នាក់ និងឧបករណ៍ ១ ៤០០គ្រឿង រួមទាំងឧទ្ធម្ភាគចក្រ Black Hawk និងទូកជួយសង្គ្រោះល្បឿនលឿន។

ទីភ្នាក់ងារឧតុនិយមជាតិ រាយការណ៍ថាភ្លៀងកម្រិត ២៥សង់ទីម៉ែត្រ ទៅ ៥០សង់ទីម៉ែត្រ បានធ្លាក់ពាសពេញផ្នែកខ្លះនៃតំបន់ Hill Country ក្នុងរយៈពេល ២ថ្ងៃកន្លងមក។ តំបន់នេះរួមមាន Camp Mystic ដែលជាជំរំនៃក្រុមជំនួបគ្រិស្ទានរដូវក្តៅ លើទន្លេ Guadalupe ដែលជាទីតាំងនៃគ្រោះមហន្តរាយឆ្នាំមុន។

ក្រុមមន្ត្រីអាមេរិក បញ្ចៀសកុំឱ្យមានគ្រោះថ្នាក់ស្លាប់មនុស្ស កើតឡើងដូចកាលពីឆ្នាំមុន នៅពេលដែលទឹកជំនវាយលុកកាត់តំបន់ Texas Hill Country ដូចគ្នា សម្លាប់មនុស្ស ១៣៥នាក់។ អភិបាលរដ្ឋ Texas បានជំរុញឱ្យប្រជាជនកុំចេញក្រៅផ្ទះ រហូតដល់ព្យុះស្ងប់ស្ងាត់ ដែលត្រូវបានព្យាករថានឹងបន្តដល់យប់ថ្ងៃសុក្រ (ម៉ោងក្នុងតំបន់)។ ផ្លូវថ្នល់ប្រហែល ១២៥កន្លែងទូទាំងរដ្ឋ បានរងផលប៉ះពាល់ ហើយ ៨៧កន្លែងបានបិទ៕