អាល្លឺម៉ង់ ស្នើឱ្យមានកងកម្លាំងក្រោមឆត្រ EU ដើម្បីជំនួសបេសកកម្ម UN នៅលីបង់ ដែលត្រូវផុតសុពលភាពចុងឆ្នាំនេះ (Video inside)
17-07-2026 14:07
(បែរឡាំង)៖ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានស្នើជំនួសបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) នៅប្រទេសលីបង់ ដែលជិតផុតសុពលភាព ជាមួយកងកម្លាំងមួយដែលធ្វើប្រតិបត្តិការ ក្រោមឆត្ររបស់សហភាពអឺរ៉ុប (EU) ដើម្បីទប់ស្កាត់ចន្លោះប្រហោងផ្នែកសន្តិសុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦។
ថ្លែងក្នុងកិច្ចសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក Wadephul បាននិយាយដូច្នេះថា «យើងគួរតែពិនិត្យមើលនៅក្នុង EU ថាតើពួកយើងអាចធានាបានដែរឬទេថា នឹងគ្មានភាពចន្លោះប្រហោងផ្នែកសន្តិសុខដែលអាចលេចឡើង តាមរយៈកងកម្លាំងមួយក្រោមឆត្រ EU នៅក្រោយបេសកកម្ម UNIFIL»។
បេសកកម្មរក្សាសន្តិភាពនៅលីបង់ ហៅកាត់ថា UNIFIL នឹងផុតសុពលភាពនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ សភាអាល្លឺម៉ង់ ទើបតែបន្តសុពលភាពការចូលរួមរបស់ប្រទេស ក្នុងបេសកកម្មនេះជាលើកចុងក្រោយ កាលពីប៉ុន្មានសប្តាហ៍មុន។ លោក Wadephul បានលើកឡើងថា កងកម្លាំងក្រោមឆត្រ EU អាចបង្កើតលក្ខខណ្ឌ សម្រាប់ឱ្យកងទ័ពអ៉ីស្រាអែលដកខ្លួនចេញ ហើយក្រុមហេសបូឡា មិនអាចវិលត្រឡប់មកធ្វើសកម្មភាពវាយប្រហាររបស់ពួកគេសាជាថ្មី។
គួរបញ្ជាក់ថា លីបង់និងអ៉ីស្រាអែល បានបើកកិច្ចពិភាក្សាកម្រិតឯកអគ្គរដ្ឋទូត នៅស្ថានទូតអាមេរិកក្នុងទីក្រុងរ៉ូម កាលពីថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍នេះ ដែលជាកិច្ចចរចាទល់មុខគ្នាលើកទី៦ គិតចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងជាថ្មី កាលពីថ្ងៃទី២ ខែមីនា រវាងអ៉ីស្រាអែលនិងហេសបូឡា ដោយសារជម្លោះទ្រង់ទ្រាយធំនៅមជ្ឈិមបូព៌ា។ ការលើកសំណើដូចខាងលើ របស់ទីក្រុងបែរឡាំង គឺស្របពេលដែលក្រុមប្រទេសអឺរ៉ុប ព្យាយាមរក្សាស្ថិរភាពក្នុងតំបន់ ហើយស្វែងរកតុល្យភាពក្នុងទំនាក់ទំនងជាមួយអ៉ីស្រាអែល និងលីបង់៕


