ប៉ាពូអាស៉ីនូវែលហ្គីណេ គ្រោងបិទការិយាល័យតំណាងរបស់កោះតៃវ៉ាន់ ខណៈទទួលបានការកោតសរសើរពីចិន (Video inside)
17-07-2026 13:44
(ព័រម៉ូរេសប៊ី)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការបរទេសនៃប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេ (PNG) បាននិយាយថា រដ្ឋាភិបាលរបស់លោកបានសម្រេចចិត្ត នឹងបិទការិយាល័យតំណាងរបស់តៃវ៉ាន់នៅក្នុងប្រទេសនេះភ្លាមៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
តំបន់ប៉ាស៉ីហ្វិក យូរមកហើយគឺជាតំបន់សម្រាប់ការប្រកួតប្រជែងការទូតរវាងចិននិងតៃវ៉ាន់។ រដ្ឋមន្រ្តីការបរទេស PNG លោក Justin Tkatchenko បានប្រកាសដូចខាងលើតាមរយៈទំព័រ Facebook របស់លោក។ លោក Tkatchenko ថារូបលោកបានប្រាប់ពីការសម្រេចចិត្តនេះ ទៅកាន់ឯកអគ្គរដ្ឋទូតចិនលោក Yang Xiaoguang ក្នុងសប្តាហ៍នេះ ហើយថា PNG ចាត់ទុកវា ជាការបោះជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការលើកកម្ពស់ទំនាក់ទំនងបន្ថែមទៀត។
ក្រសួងការបរទេសតៃវ៉ាន់ បាននិយាយថា ការសម្រេចចិត្តខាងលើ មិនត្រូវបានពិភាក្សាគ្នាជាមុនឡើយ ហើយខ្លួននឹងជជែកអំពីរឿងនេះជាមួយរដ្ឋាភិបាល PNG។ ដោយឡែក ក្រសួងការបរទេសចិនវិញ បាននិយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំង វាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់ PNG ព្រោះវាជាការសម្រេចចិត្តត្រឹមត្រូវមួយ ហើយវានឹងជួយពង្រឹងមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរវាងចិននិង PNG។
គួរបញ្ជាក់ថា តៃវ៉ាន់មានទំនាក់ទំនងការទូតផ្លូវការតែជាមួយប្រទេសដែនកោះតំបន់ប៉ាស៉ីហ្វិក ៣ប៉ុណ្ណោះ នោះគឺ Palau, Tuvalu និង Marshall Islands ប៉ុន្តែបានរក្សាស្ថានទូតក្រៅផ្លូវការ នៅប៉ាពូអាស៉ីនូវែលហ្គីណេ ហើយក៏មានការិយាល័យស្រដៀងគ្នានៅហ្វ៊ីជីផងដែរ។ សុរបលើពិភពលោក មានប្រទេសត្រឹម១២ប៉ុណ្ណោះ ដែលនៅមានចំណងការទូតផ្លូវការជាមួយកោះតៃវ៉ាន់៕



