FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៉ីរ៉ង់អះអាងថា បានវាយប្រហារទីបញ្ជាការអាមេរិកមួយកន្លែងនៅក្នុងប្រទេសស៉ីរី (Video inside)

17-07-2026 13:18

(តេហេរ៉ង់)៖ នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បាននិយាយថា ពួកគេបានវាយប្រហារ​ទីបញ្ជាការប្រតិបត្តិការពិសេស al-Tanf របស់សហរដ្ឋអាមេរិក ក្នុងប្រទេសស៉ីរី ដើម្បីសងសឹកសម្រាប់ការសម្លាប់ទាហានអ៉ីរ៉ង់ នៅទីក្រុង Iranshahr។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ភ្លាមៗមិនទាន់មានការអត្ថាធិប្បាយពីសំណាក់រដ្ឋាភិបាលស៉ីរី ឬយោធាអាមេរិក ជុំវិញការអះអាងរបស់អ៉ីរ៉ង់នៅឡើយទេ ប៉ុន្តែកាលពីខែកុម្ភៈ ឆ្នាំនេះ យោធាអាមេរិកធ្លាប់បានឱ្យដឹងថា ខ្លួនបានសម្រេចរួចរាល់ នូវដំណើរការដកកងទ័ពចេញពីមូលដ្ឋាន al-Tanf ដែលស្ថិតនៅក្បែរព្រំប្រទល់​រវាងស៉ីរី ហ៊្សកដានី និងអ៉ីរ៉ាក់។

ស៉ីរីបានព្យាយាមចៀសវាងការអូសឱ្យធ្លាក់ចូលជម្លោះក្នុងតំបន់ ដែលបានឆាបឆេះនៅបណ្តាប្រទេសក្បែរខាង រួមមានទាំងលីបង់ ជាទីដែលក្រុមហេសបូឡា បានប្រយុទ្ធគ្នាជាមួយអ៉ីស្រាអែល ហើយនិងអ៉ីរ៉ាក់ ជាទីដែលក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៉ីរ៉ង់ បានបើកការវាយប្រហារដោយដ្រូននិងរ៉ុក្កែត។ កាលពីខែមីនា ប្រធានាធិបតីស៉ីរី លោក Ahmed al-Sharaa បាននិយាយថា ប្រទេសរបស់លោក នឹងនៅឱ្យឆ្ងាយពីជម្លោះនានា លុះត្រាតែខ្លួនរងការវាយប្រហារមុន។

IRGC ក៏បានអះអាងដែរថា អ៉ីរ៉ង់រក្សាការគ្រប់គ្រងទាំងស្រុងនៅច្រកសមុទ្រ Hormuz ហើយនឹងគ្មានប្រេងឬឧស្ម័នណាមួយ ដែលអាចត្រូវបាននាំចេញតាមផ្លូវទឹកនេះឡើយ ដរាបណាការវាយប្រហាររបស់អាមេរិក នៅតែបន្ត។ នៅថ្ងៃសុក្រនេះ អ៉ីរ៉ង់​បានបន្តបើកការវាយប្រហារលើមូលដ្ឋានអាមេរិក នៅតាមបណ្តាប្រទេសតំបន់ឈូងសមុទ្រអារ៉ាប់ បន្ទាប់ពី៦យប់ជាប់គ្នា​នៃការវាយប្រហាររបស់អាមេរិកលើទីតាំងរបស់អ៉ីរ៉ង់ ស្របពេលដែលបទឈប់បាញ់ ដែលភាគីទាំងពីរចុះហត្ថលេខាកាលពីខែមុន បាននិងកំពុង​ប្រែក្លាយទៅជា ការវាយបកទៅមកដាក់គ្នារាល់ថ្ងៃ៕