កាណាដា ថានឹងប្រមូលថ្លៃចំណាយធ្វើស្ពាន Gordie Howe ឱ្យបានគ្រប់សិន មុនពេលបែងចែកលុយថ្លៃសេវាឆ្លងកាត់ ជាមួយសហរដ្ឋអាមេរិក (Video inside)
17-07-2026 10:59
(អូតាវ៉ា)៖ លោកនាយករដ្ឋមន្រ្តី Mark Carney បាននិយាយថា កាណាដានឹងមិនចែកប្រាក់ចំណូលពីការបង់ថ្លៃសេវាឆ្លងកាត់ស្ពានថ្មី ដែលសង់ឡើងអស់ ៤,៧ពាន់លានដុល្លារ ជាមួយសហរដ្ឋអាមេរិកឡើយ រហូតទាល់តែកាណាដា ប្រមូលបានថវិកាវិនិយោគដំបូងគ្រប់មកវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦។
ស្ពាន Gordie Howe តភ្ជាប់ទីក្រុង Windsor រដ្ឋ Ontario ប្រទេសកាណាដា និងទីក្រុង Detroit រដ្ឋ Michigan សហរដ្ឋអាមេរិក ត្រូវបានពន្យារពេលដាក់ឱ្យប្រើប្រាស់ ដោយសារតែបញ្ហាពាក់ព័ន្ធការចំណាយរបស់កាណាដា លើថ្លៃសាងសង់។ សប្តាហ៍មុន លោកប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា មានកិច្ចព្រមព្រៀងកាន់តែប្រសើរ សម្រាប់សហរដ្ឋអាមេរិក ដើម្បីបើកដំណើរការស្ពាន ដែលគ្រោងធ្វើឡើងនាថ្ងៃទី២៧ ខែកក្កដា។
ប៉ុន្តែនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ លោក Carney បាននិយាយថា កិច្ចព្រមព្រៀងមូលដ្ឋានជាមួយរដ្ឋ Michigan ទាក់ទងនឹងស្ពាន Gordie Howe នៅតែមិនផ្លាស់ប្តូរពីឆ្នាំ២០១២។ តាមកិច្ចព្រមព្រៀងនោះ កាណាដាមានសិទ្ធិប្រមូលប្រាក់ចំណេញពីការបង់ថ្លៃសេវាឆ្លងកាត់ស្ពាន រហូតដល់ខ្លូនទទួលបានមកវិញនូវថវិកាសាងសង់ស្ពាន។
គួរបញ្ជាក់ថា ការសាងសង់ស្ពាននេះ បានបង្កើនភាពតានតឹង និងនាំឱ្យមានការចំណាយច្រើន ទាំងនៅក្នុងសហរដ្ឋអាមេរិក និងកាណាដា ស្របពេលប្រទេសជិតខាងទាំងពីរ កំពុងព្យាយាមដោះស្រាយកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលត្រូវបានធ្វើបច្ចុប្បន្នភាព៕


