លោក ត្រាំ ចោទចិនថាជ្រៀតជ្រែកការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០២០ (Video inside)
17-07-2026 08:51
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ បាននិយាយថាចិនបានប្រព្រឹត្តនូវអ្វីដែលលោកបានហៅថាជាការលួចយកទិន្នន័យបោះឆ្នោតដ៏ធំបំផុតនៅក្នុងប្រវតិ្តសាស្ត្រប្រព្រឹត្តឡើងដោយចិនអំឡុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការលួចយកទិន្នន័យខាងលើត្រូវបានសេតវិមានអះអាងថាបានជួយឱ្យចិនទទួលបានឯកសារអ្នកបោះឆ្នោតអាមេរិកជាង ២២០លាននាក់។ «ការបាត់បង់ទិន្នន័យនេះគឺជាសុបិនដ៏អាក្រក់បំផុតមួយនៃសន្តិសុខបោះឆ្នោតមិនធ្លាប់មានពីមុនមក។ នេះជាការលើកឡើងរបស់លោក ត្រាំ។ ក៏ប៉ុន្តែ អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ទីក្រុងប៉េកាំងមិនដែលបានប្រព្រឹត្ត ហើយក៏នឹងមិនប្រព្រឹត្តការជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីរបស់សហរដ្ឋអាមេរិកដាច់ខាត»។
គួរបញ្ជាក់ថា ការចោទប្រកាន់របស់លោក ត្រាំ គឺផ្ទុយពីឯកសារសម្ងាត់មួយកាលពីឆ្នាំ២០២១ របស់សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក ដែលមិនបានរកឃើញភស្តុតាងណាមួយបញ្ជាក់បានថាមានតួអង្គបរទេសណាមួយបានប៉ុនប៉ង ឬទទួលបានជោគជ័យក្នុងការជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០២០នោះទេ។ ឯកសារសម្ងាត់នេះទៀតសោត ត្រូវបានវាយតម្លៃដោយអតីតនាយកស៊ើបការណ៍សម្ងាត់ជាតិរបស់លោក ត្រាំ គឺលោក John Ratcliffe និងនាយ CIA បច្ចុប្បន្នរបស់លោក។
មកទល់នឹងពេលនេះ លោក ត្រាំ នៅតែមិនទទួលស្គាល់បរាជ័យរបស់លោកក្រោមថ្វីដៃលោក ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២០ នោះទេ ជាការបោះឆ្នោតមួយដែលលោកបានអះអាងដោយគ្មានមូលដ្ឋានថាមានការលួចបន្លំសន្លឹកឆ្នោត៕
