FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទូកដឹកអ្នកដំណើរលិចនៅឥណ្ឌូណេស៊ី សម្លាប់មនុស្សម្នាក់ និង ២៤នាក់បាត់ខ្លួន (Video inside)

16-07-2026 22:50

(ហ្សាកាតា)៖ អាជ្ញាធរជួយសង្គ្រោះឥណ្ឌូណេស៊ី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ទូកដឹកអ្នកដំណើរមួយគ្រឿងបានជួបគ្រោះថ្នាក់លិចនៅក្បែរកោះសេឡាយ៉ា (Selayar) ដែលបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ២៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ម៉ូហាម៉ាត់ អារីហ្វ អាន់វ៉ា (Muhammad Arif Anwar) ប្រធានទីភ្នាក់ងារសង្គ្រោះក្នុងតំបន់ បានបញ្ជាក់ថា មូលហេតុនៃការលិចទូកគឺបណ្តាលមកពីការខូចម៉ាស៊ីន។ ក្រុមសង្គ្រោះបានចុះទៅដល់ទីតាំងកើតហេតុ និងជួយសង្គ្រោះមនុស្សបាន ៤៩នាក់ ខណៈសាកសពស្ត្រីម្នាក់ត្រូវបានរកឃើញ។ បច្ចុប្បន្ន នាវាកងទ័ពជើងទឹកកំពុងបន្តប្រតិបត្តិការរុករកអ្នកបាត់ខ្លួនទាំង ២៤នាក់ទៀត ប៉ុន្តែជួបការលំបាកយ៉ាងខ្លាំងដោយសាររលកសមុទ្រខ្ពស់ និងខ្យល់បក់បោកខ្លាំង។

ទោះបីជាបញ្ជីរាយនាមអ្នកដំណើរមានត្រឹមតែ ៥០នាក់ក្តី ប៉ុន្តែអាជ្ញាធរបានរកឃើញថា ទូកនេះមានផ្ទុកមនុស្សរហូតដល់ ៧៤នាក់ រួមទាំងមានផ្ទុកទំនិញ សត្វពាហនៈ និងម៉ូតូផងដែរ មុនពេលជួបគ្រោះថ្នាក់។ ការផ្ទុកមនុស្ស និងទំនិញលើសកំណត់ដោយមិនស្របតាមបញ្ជី គឺជារឿងដែលតែងតែកើតមានជាញឹកញាប់នៅក្នុងប្រទេសដីកោះមួយនេះ ដែលជាហេតុធ្វើឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកកើតឡើងញឹកញាប់៕