ប៉ាគីស្ថានព្រមានថា ការវាយប្រហារលើអារ៉ាប៊ីសាអូឌីត គឺស្មើនឹងការវាយប្រហារលើខ្លួន
16-07-2026 22:11
(អ៊ីស្លាម៉ាបាដ)៖ ការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទី (Houthis) ទៅលើប្រទេសអារ៉ាប៊ីសាអូឌីត (Saudi Arabia) ក្នុងសប្តាហ៍នេះ កំពុងគំរាមកំហែងអូសទាញប្រទេសប៉ាគីស្ថាន ឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមដោយផ្ទាល់ ដែលធ្វើឱ្យតួនាទីជាអ្នកសម្របសម្រួលសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ កាន់តែមានភាពស្មុគស្មាញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប៉ាគីស្ថានមានកិច្ចព្រមព្រៀងការពារជាតិជាមួយអារ៉ាប៊ីសាអូឌីត ដោយបានដាក់ពង្រាយកងទ័ពរាប់ពាន់នាក់ និងយន្តហោះចម្បាំងនៅទីនោះ។ មន្ត្រីប៉ាគីស្ថានម្នាក់បានប្រាប់ Reuters ថា «ថ្នាក់ដឹកនាំកំពូលរបស់យើងបានព្រមានអ៊ីរ៉ង់យ៉ាងច្បាស់ថា ការវាយប្រហារលើអារ៉ាប៊ីសាអូឌីត គឺស្មើនឹងការវាយប្រហារលើប៉ាគីស្ថាន។ នេះគឺជាបន្ទាត់ក្រហមរបស់យើង»។
ក្តីបារម្ភដ៏ធំបំផុតរបស់ប៉ាគីស្ថាន គឺការចូលរួមរបស់ក្រុមហ៊ូទីអាចនឹងបង្ខំឱ្យកងទ័ពរបស់ខ្លួន (ដែលឈរជើងក្បែរព្រំដែនយេម៉ែន) ត្រូវប្រយុទ្ធដោយផ្ទាល់។ លើសពីនេះ ភាពតានតឹងនេះក៏អាចរំខានដល់នាវាចរណ៍នៅសមុទ្រក្រហម ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ផងដែរ។
អតីតឧត្តមសេនីយ៍ប៉ាគីស្ថាន លោក ហ្គូឡាម មូស្តាហ្វា (Ghulam Mustafa) បានបញ្ជាក់ថា បច្ចុប្បន្នថ្នាក់ដឹកនាំកំពុងព្យាយាមសម្របសម្រួលភាគីពាក់ព័ន្ធ ប៉ុន្តែស្ថានភាពអាចនឹងប្រែប្រួលយ៉ាងឆាប់រហ័ស ប្រសិនបើក្រុមហ៊ូទីហ៊ានពង្រីកការវាយប្រហារចូលជ្រៅទៅក្នុងទឹកដីអារ៉ាប៊ីសាអូឌីត ដែលនឹងតម្រូវឱ្យប៉ាគីស្ថានត្រូវធ្វើអន្តរាគមន៍យោធាស្របតាមកិច្ចព្រមព្រៀងការពារជាតិ៕
