អ៊ីរ៉ង់ប្រាប់ក្រុមហ៊ូទីឱ្យត្រៀមបិទសមុទ្រក្រហម ប្រសិនបើអាមេរិកហ៊ានវាយប្រហារបណ្តាញអគ្គិសនីខ្លួន (Video inside)
16-07-2026 20:57
(ឌូបៃ)៖ ប្រភពជាន់ខ្ពស់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប្រទេសអ៊ីរ៉ង់បានបញ្ជាឱ្យក្រុមឧទ្ទាមហ៊ូទី (Houthis) នៅយេម៉ែន ត្រៀមលក្ខណៈរួចជាស្រេចដើម្បីបិទផ្លូវដឹកជញ្ជូនប្រេងនៅសមុទ្រក្រហម ប្រសិនបើសហរដ្ឋអាមេរិកហ៊ានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់ខ្លួន។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមវាយប្រហារលើរោងចក្រអគ្គិសនីរបស់អ៊ីរ៉ង់។ ប្រភពស្និទ្ធនឹងក្រុមហ៊ូទីបានបង្ហើបថា ពួកគេបានដាក់ពង្រាយប្រព័ន្ធមីស៊ីល និងយន្តហោះដ្រូននៅក្បែរច្រកសមុទ្រ Bab el-Mandeb (ច្រកចូលសមុទ្រក្រហម) រួចរាល់ហើយ ដោយរង់ចាំតែបញ្ជាពីមន្ត្រីកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ដែលប្រចាំការនៅទីនោះប៉ុណ្ណោះ។
ការគំរាមកំហែងនេះ នឹងរុញច្រានឱ្យវិបត្តិថាមពលសកលកាន់តែធ្ងន់ធ្ងរទ្វេដង ព្រោះបច្ចុប្បន្នច្រកសមុទ្រហ័រមូស កំពុងត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្រាប់ទៅហើយ។ ប្រសិនបើច្រកសមុទ្រទាំងពីរនេះត្រូវបិទព្រមគ្នា ផ្លូវនាំចេញប្រេងដ៏សំខាន់ទាំងពីររបស់មជ្ឈិមបូព៌ានឹងត្រូវកាត់ផ្តាច់ទាំងស្រុង។
អ្នកវិភាគបានព្រមានថា ការកើនឡើងកម្តៅនៃការវាយប្រហារគ្នារវាងក្រុមហ៊ូទី និងអារ៉ាប៊ីសាអូឌីត នាពេលថ្មីៗនេះ កំពុងគំរាមកំហែងដល់ផ្លូវនាំចេញប្រេងចុងក្រោយរបស់តំបន់។ ទន្ទឹមនឹងនេះ ទីក្រុងរីយ៉ាដកំពុងតាមដានការគំរាមកំហែងនេះយ៉ាងយកចិត្តទុកដាក់ ខណៈភាពតានតឹងបានកើនឡើងយ៉ាងខ្លាំង ក្រោយបទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់បានដួលរលំ៕
