អង់គ្លេសផ្តល់ថវិកា ៣៤៥លានដុល្លារ ជួយទិញយន្តហោះចម្បាំង Gripen ចំនួន ១៦គ្រឿង ឱ្យអ៊ុយក្រែន (Video inside)
16-07-2026 20:01
(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក កៀរ ស្តាមឺរ (Keir Starmer) នៅថ្ងៃព្រហស្បតិ៍នេះ បានសន្យាផ្តល់កញ្ចប់ថវិកាចំនួន ៣០០លានអឺរ៉ូ (ប្រមាណ ៣៤៥លានដុល្លារអាមេរិក) ដើម្បីជួយបំពាក់យន្តហោះចម្បាំងប្រភេទ Gripen ដែលផលិតដោយប្រទេសស៊ុយអែតចំនួន ១៦គ្រឿង ដល់ប្រទេសអ៊ុយក្រែន។ នេះគឺជាការប្តេជ្ញាចិត្តចុងក្រោយបំផុតមួយរបស់លោកសម្រាប់ទីក្រុងកៀវ មុនពេលលោកចាកចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីអ៊ុយក្រែន លោក ស្តាមឺរ បានបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសស៊ុយអែត ក្នុងការប្រគល់យន្តហោះចម្បាំងទាំងនេះ ដើម្បីជួយអ៊ុយក្រែនការពារខ្លួនពីការវាយប្រហាររបស់រុស្ស៊ី។ រដ្ឋាភិបាលអង់គ្លេសរំពឹងថា ថវិកានេះនឹងជួយឱ្យអ៊ុយក្រែនទទួលបានកងអនុសេនាធំយន្តហោះចម្បាំង Gripen E នេះ នៅត្រឹមឆ្នាំ២០២៩។
គួររំលឹកថា កាលពីខែមិថុនា ក្រុមហ៊ុនផលិតសម្ភារៈយោធាស៊ុយអែត Saab បានចុះកិច្ចសន្យាផ្គត់ផ្គង់យន្តហោះចម្បាំង Gripen E ចំនួន ១៦គ្រឿង ដល់អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ប្រមាណ ២,៥ពាន់លានដុល្លារ។ កញ្ចប់នេះរួមបញ្ចូលទាំងការហ្វឹកហ្វឺនអាកាសយានិក និងវិស្វករ គ្រឿងបន្លាស់ និងសម្ភារៈចាំបាច់ផ្សេងៗទៀតសម្រាប់ប្រតិបត្តិការយន្តហោះ។
រដ្ឋាភិបាលអង់គ្លេសបានសង្កត់ធ្ងន់ថា ការវិនិយោគនេះមិនត្រឹមតែជួយធ្វើទំនើបកម្មកងទ័ពអាកាសអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយបង្កើតការងាររហូតដល់ ៥,០០០កន្លែង សម្រាប់ក្រុមហ៊ុនជាង ៥០ នៅក្នុងចក្រភពអង់គ្លេស ដែលពាក់ព័ន្ធនឹងកម្មវិធីផលិតយន្តហោះ Gripen នេះផងដែរ៕
