FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កុំនាំចចកចូលផ្ទះ៖ ការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងមិនត្រូវការការជ្រៀតជ្រែកពីប្រទេសក្រៅតំបន់

16-07-2026 16:58

(ប៉េកាំង)៖ ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ការដោះស្រាយបញ្ហាដោយសន្តិវិធី គឺត្រូវធ្វើឡើងតាមទម្រង់ពិគ្រោះពិភាក្សាឬសន្ទនា ប្រកបដោយមិត្តភាពនិងស្មើភាព។ ដោយឡែក ការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ដែលជាបញ្ហារសើបក្នុងតំបន់វារឹងរឹតតែត្រូវការ ការសហការនិងការពិគ្រោះពិភាក្សាប្រកបដោយមិត្តភាព ដើម្បីចៀសវាងការផ្ទុះជម្លោះខ្លាំងក្លា។

ជាពិសេស ដើម្បីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ប្រទេសក្នុងតំបន់រួមមានប្រទេសចិននិងបណ្តាប្រទេសអាស៊ាន បានធ្វើការពិគ្រោះពិភាក្សាអស់ពេលជាយូរឆ្នាំទើបឈានដល់ការចុះហត្ថលេខាលើឯកសារនយោបាយដែលហៅថា«សេចក្តីប្រកាសប្រតិបត្តិនៃបណ្តាភាគីសមុទ្រចិនខាងត្បូង»នៅក្នុងឆ្នាំ២០០២ នៅប្រទេសកម្ពុជា ដែលបានកំណត់ជាក់លាក់ នូវគំនិតឯកភាពរួមរបស់បណ្តាភាគីស្តីពីការរួមគ្នា គាំពារស្ថិរភាពនិងសន្តិភាពនៅសមុទ្រចិនខាងត្បូង និងដោះស្រាយជម្លោះតាមរយៈការពិគ្រោះពិភាក្សាដោយមិត្តភាព។ នេះជាសមិទ្ធផលដ៏ធំធេងដែលទទួលបានពី កិច្ចខិតខំប្រឹងប្រែងរួមក្នុងរយៈពេលយូររបស់ប្រទេសក្នុងតំបន់ ហើយក៏ជាសញ្ញាសបញ្ជាក់ផងដែរថា ប្រទេសក្នុងតំបន់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដោះស្រាយជម្លោះរបស់ខ្លួន ដោយសន្តិវិធី។

យ៉ាងណាមិញ បើទោះបីជាប្រទេសចិនដែលមានអធិបតេយ្យភាពពេញលេញ នៅប្រជុំកោះនានានិងដែនទឹកជុំវិញ នៅសមុទ្រចិនខាងត្បូងជារឿងដែលមានភស្តុតាងជាក់លាក់ ទាំងផ្នែកប្រវត្តិសាស្ត្រនិងផ្នែកច្បាប់ ហើយចិនមានឆន្ទៈធ្វើការជាមួយប្រទេសក្នុងតំបន់ ដើម្បីអភិវឌ្ឍសមុទ្រចិនខាងត្បូងឱ្យក្លាយជាសមុទ្រសន្តិភាព មិត្តភាពនិងសហប្រតិបត្តិការក្តី ប៉ុន្តែស្ថិរភាពនិងសន្តិភាពនៅសមុទ្រចិនខាងត្បូង រមែងតែងប្រឈមនឹងរឿងល្អក់កករខ្លះដោយសារការជ្រៀតជ្រែកពីប្រទេសក្រៅតំបន់ និងការទាមទារមិនសមហេតុផល របស់ប្រទេសមួយពីរក្នុងតំបន់។

ក្នុងបរិបទដែលប្រទេសចិននិងបណ្តាប្រទេសដទៃទៀតក្នុងតំបន់ បាននិងកំពុងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់ «ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង»ក្នុងពេលឆាប់ៗ ក្នុងគោលបំណងបង្កើតជាយន្តការប្រកបដោយបទដ្ឋានខ្ពស់ សម្រាប់ការធ្វើអភិបាលកិច្ចសមុទ្រចិនខាងត្បូងដោយផ្អែកតាមច្បាប់និងបទប្បញ្ញត្តិអន្តរជាតិ​ ដើម្បីរួមគ្នាគាំពារស្ថិរភាព និងសន្តិភាពនៅសមុទ្រចិនខាងត្បូង ក៏ប៉ុន្តែក្នុងមួយរយៈពេលកន្លងទៅនេះ ប្រទេសហ្វីលីពីនបែរជាបានអូសទាញ កម្លាំងក្រៅតំបន់ដូចជាអាមេរិក ជប៉ុន និងអូស្ត្រាលីជាដើម ឱ្យចេញសេចក្តីថ្លែងការណ៍រួមស្តីពីការរំលឹកខួប១០ ឆ្នាំនៃការប្រកាសពីអ្វីដែលហៅថា «ការកាត់ក្តីនៃសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង»ទៅវិញ។ ការឃោសនាបំប៉ោង ពីការកាត់ក្តីដោយខុសច្បាប់បែបនេះ វាមិនត្រឹមតែមិនបានរួមចំណែកអ្វីសម្រាប់ជាផលប្រយោជន៍ នៃប្រទេសក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែវាជាការបង្កភាពតានតឹងជាថ្មី។

គួរបញ្ជាក់ថា មិនថា «ការកាត់ក្តីនៃសំណុំរឿងមជ្ឈត្តកម្មសមុទ្រចិនខាងត្បូង»ដែលជាឧបាយកលនយោបាយជ្រកក្រោម ស្លាកផ្លូវច្បាប់ និងជាការកាត់ក្តីរបស់តុលាការមជ្ឈត្តកម្មដែលរំលោភដែនយុត្តាធិការរបស់ខ្លួន ឬក៏ការចូលឡូកឡំរបស់ ប្រទេសក្រៅតំបន់ក្តី គឺមិនអាចកែប្រែអធិបតេយ្យភាពរបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូងនោះឡើយ។ បើតាមឯកសារប្រវត្តិសាស្ត្រ តាំងពីសតវត្សរ៍ទី២ មុនគ្រិស្តសករាជមក ក៏មានជនជាតិចិនធ្វើដំណើរតាមសមុទ្រចិនខាងត្បូង ព្រមទាំងប្រទះឃើញប្រជុំកោះនានានៅទីនោះ។ ចិនជាប្រទេសដំបូងបង្អស់ដែលបានអនុវត្តអធិបតេយ្យភាព និងគ្រប់គ្រងប្រជុំកោះនៅសមុទ្រចិនខាងត្បូងដោយសន្តិភាពជាប់រហូតមក នេះជាគំនិតឯកភាពរួមជាទូទៅរបស់ សហគមន៍អន្តរជាតិតាំងពីដើមមកម្ល៉េះ។

ពាក្យចាស់ពោលថា«កុំនាំចចកចូលផ្ទះ»។ ការដែលប្រទេសក្នុងតំបន់ទៅសមគំនិតនិងអូសទាញប្រទេសក្រៅតំបន់ ឱ្យមកលូកលាន់រឿងផ្ទៃក្នុង វាមិនអាចនាំមកនូវផលប្រយោជន៍អ្វីនោះទេ ផ្ទុយទៅវិញ ប្រទេសក្រៅតំបន់ដែលមានមហិច្ឆតាចង់កេងចំណេញ ខាងភូមិសាស្ត្រនយោបាយប្រាកដជានឹងកកូរកកាយ ស្ថានការណ៍នៅសមុទ្រចិនខាងត្បូង ដែលធ្វើឱ្យខាតបង់ផលប្រយោជន៍រួមរបស់ប្រទេសក្នុងតំបន់ បូករួមទាំងអ្នកដែលនាំ«ចចក»ចូលផ្ទះផងដែរ​។ ជឿជាក់ថា ប្រទេសភាគច្រើនក្នុងតំបន់សុទ្ធតែយល់ដឹងច្បាស់ពីផលវិបាក ដែលកើតឡើងពី ការជ្រៀតជ្រែករបស់កម្លាំងខាងក្រៅ ហើយមុខជាមិនគាំទ្ររឿងដែល «ចង់ចំណេញ ដាច់ចំណង»បែបនេះទេ។

ជារួម បញ្ហាផ្ទៃក្នុងត្រូវដោះស្រាយដោយភាគីពាក់ព័ន្ធនានា ពោលគឺមិនថាជម្លោះទ្វេភាគីឬពហុភាគីក្តី ក៏គួរតែអង្គុយនៅមុខតុចរចា ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។ មិនថាសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរនៅសមុទ្រចិនខាងត្បូង ឬការកសាងសមុទ្រចិនខាងត្បូង ឱ្យក្លាយជាសមុទ្រសន្តិភាព មិត្តភាព និងសហប្រតិបត្តិការឈ្នះ-ឈ្នះនោះទេ គឺតម្រូវឱ្យប្រទេសក្នុងតំបន់ ធ្វើការជាមួយគ្នាដោយស្មោះត្រង់និងគោរពគ្នា តែមិនមែនអូសទាញកម្លាំងខាងក្រៅឱ្យមកបំផ្លាញ កិច្ចខិតខំប្រឹងប្រែងរួមរបស់ប្រទេសក្នុងតំបន់នោះឡើយ​។ អាស្រ័យហេតុនេះ ការឈានដល់គំនិតឯកភាពស្តីពី «ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង»ទើបជារឿងចាំបាច់ដែលប្រទេសក្នុងតំបន់ គួរខិតខំសម្រេចក្នុងពេលឆាប់ៗ៕

អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន