FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីជាន់ខ្ពស់ចិន និងកូរ៉េខាងជើង បើកកិច្ចពិភាក្សាក្នុងទីក្រុងព្យុងយ៉ាង

16-07-2026 16:19

(ព្យុងយ៉ាង)៖ សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានឱ្យដឹងថា មន្រ្តីកំពូលលំដាប់ទី៤របស់ចិន លោក Wang Huning បានជួបមន្រ្តីកំពូលនៃគណបក្សពលករកូរ៉េខាងជើង នៅក្នុងទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦។

គណៈប្រតិភូចិន ដឹកនាំដោយលោក Wang បានទៅដល់ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃពុធ តបតាមការអញ្ជើញពីកូរ៉េខាងជើង ហើយបានជួបលោក Jo Yong Won។ នៅក្នុងជំនួប លោក Wang បានលើកឡើងពីឆន្ទៈរបស់គណបក្សកុម្មុយនីសចិន និងរដ្ឋាភិបាលចិន ដើម្បីអនុវត្តកិច្ចព្រមព្រៀង ដែលសម្រេចបានរវាងលោក ស៉ី ជីនពីង និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ ដោយមិនផ្តល់ព័ត៌មានលម្អិត KCNA រាយការណ៍ថា មន្ត្រីទាំងពីរបានពិភាក្សាអំពីវិធីសាស្ត្រនានា ដើម្បីលើកកម្ពស់សុខុមាលភាពសាធារណៈ និងពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមក លើវិស័យពាណិជ្ជកម្ម វប្បធម៌ និងរវាងគណបក្សកាន់អំណាចនៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា អំឡុងទស្សនកិច្ចរបស់លោក ស៉ី ទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីខែមុន លោក ស៉ី និងលោក គីម បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ព្រមទាំងការប្តូរយោបល់ជាយុទ្ធសាស្ត្រ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចនៃមន្ត្រីជាន់ខ្ពស់៕