FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

IEA៖ ការឹតបន្តឹងរបស់ចិនលើរ៉ែកម្រ គំរាមកំហែងដល់ឧស្សាហកម្មលោកខាងលិច គិតជាទឹកប្រាក់ ៦,៥ទ្រីលានដុល្លារ (Video inside)

16-07-2026 16:03

(ឡុងដ៏)៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា ការអនុវត្តពេញលេញនូវវិធានការរឹតបន្តឹង លើការនាំចេញរ៉ែកម្រពីសំណាក់ចិន អាចបង្កហានិភ័យដល់ខ្សែច្រវាក់ផលិតកម្មនៅដំណាក់សម្រេច ដែលគិតជាទឹកប្រាក់ ៦,៥ទ្រីលានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦។

ចិន ដែលជាអ្នកផលិតរ៉ែកម្រធំជាងគេបំផុតលើពិភពលោក បានពង្រីកវិធានការគ្រប់គ្រងលើការនាំចេញ កាលពីខែតុលា ឆ្នាំ២០២៥ ដោយបន្ថែមការគ្របដណ្តប់លើវត្ថុធាតុដើម ជាមួយការដាក់ចេញនូវតម្រូវការថ្មីៗ ពាក់ព័ន្ធនឹងការផ្តល់អាជ្ញាបណ្ណ ប៉ុន្តែក្រោយមកបានយល់ព្រម ពន្យារពេលការអនុវត្តវិធានការទាំងនេះ រយៈពេល ១ឆ្នាំ។ តាមរបាយការណ៍ ស្តីពីទស្សនវិស័យសកលនៃរ៉ែសំខាន់ៗ IEA ប្រសិនបើវិធានការទាំងអស់របស់ចិន មានប្រសិទ្ធភាពពេញលេញ នោះផលិតកម្មតម្លៃប្រមាណ ៦,៥ទ្រីលានដុល្លារក្នុងវិស័យរថយន្ត បច្ចេកវិទ្យាខ្ពស់ ការពារជាតិ និងថាមពល អាចប្រឈមមុខនឹងផលរំខានដល់ការផ្គត់ផ្គង់។

IEA ក៏បានព្រមានផងដែរ អំពីហានិភ័យដែលចិនរឹតបន្តឹងការនាំចេញរ៉ែ graphite ដែលជាវត្ថុធាតុដើមដ៏សំខាន់ សម្រាប់ផលិតអាគុយរថយន្តអគ្គិសនី ដោយផែនការនេះត្រូវបានប្រកាសអំឡុងពេលដំណាលគ្នា ប៉ុន្តែក្រោយមកត្រូវបានពន្យារពេល។ ការអនុវត្តពេញលេញនូវវិធានការគ្រប់គ្រងរ៉ែ graphite អាចបង្កហានិភ័យដល់ផលិតកម្មដំណាក់សម្រេច ដែលមានតម្លៃប្រហែល ៣០០ពាន់លានដុល្លារ នៅក្រៅប្រទេសចិន។ ចិនគឺជាប្រភពផលិតកម្មរ៉ែ graphite កែច្នៃជាង ៩០ភាគរយនៃបរិមាណសរុបទូទាំងពិភពលោក៕