FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិកដាក់ពន្ធ ២៥ភាគរយលើប្រេស៉ីល ខណៈលោក Lula រិះគន់ការចោទប្រកាន់ពីការអនុវត្តពាណិជ្ជកម្មមិនស្មើភាព (Video inside)

16-07-2026 15:27

(ប្រាស៉ីលីយ៉ា)៖ សហរដ្ឋអាមេរិក បានដាក់ពន្ធ ២៥ភាគរយលើទំនិញនាំចូលមួយចំនួនពីប្រេស៉ីល បន្ទាប់ពីសន្និដ្ឋានថា ប្រេស៉ីលបានអនុវត្តការធ្វើពាណិជ្ជកម្មមិនស្មើភាព ដែលបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ រដ្ឋាភិបាលប្រធានាធិបតីប្រេស៉ីល Luiz Inacio Lula da Silva។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦។

ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) បានឱ្យដឹងថា វិធានការនេះត្រូវបានដាក់ចេញ ក្រោយការស៉ើបអង្កេតរយៈពេល ១ឆ្នាំ ក្រោមមាត្រា ៣០១នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ សម្រាប់ពិនិត្យមើលគោលនយោបាយរបស់ប្រេស៉ីល លើពាណិជ្ជកម្មឌីជីថល ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក កម្មសិទ្ធិបញ្ញា និងវិស័យផ្សេងៗទៀតរបស់អាមេរិក។

ការិយាល័យប្រធានាធិបតី Lula បានចេញសេចក្តីថ្លែងការណ៍មួយ ដោយគូសបញ្ជាក់ថា «រដ្ឋាភិបាលប្រេស៉ីល មិនទទួលយកការសម្រេចចិត្តរបស់រដ្ឋាភិបាលអាមេរិក ពាក់ព័ន្ធការដាក់ពន្ធ ២៥ភាគរយលើផលិតផលរបស់ប្រេស៉ីលឡើយ ហើយសូមបដិសេធចំពោះការចោទប្រកាន់អំពីការអនុវត្តពាណិជ្ជកម្មមិនស្មើភាព»។

គួរបញ្ជាក់ថា យោងតាមក្រុមមន្ត្រីអាមេរិក ការស៉ើបអង្កេតក្រោមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ រកឃើញថាគោលនយោបាយប្រេស៉ីល បានបង្កើតឧបសគ្គសម្រាប់ក្រុមហ៊ុនអាមេរិក នៅក្នុងវិស័យមួយចំនួន។ មន្ត្រីអាមេរិក បានចោទប្រកាន់បន្ថែមថា ប្រេស៊ីលបានផ្តល់ការអនុគ្រោះផ្នែកពន្ធគយដល់ឥណ្ឌា និងម៉ិកស៉ិក ក្នុងលក្ខខណ្ឌប្រសើរជាងការផ្តល់ឱ្យអាមេរិក៕