ប៉ាគីស្ថានប្តេជ្ញាជំរុញអាមេរិកនិងអ៉ីរ៉ង់ ឱ្យត្រឡប់មករកការចរចាគ្នាឡើងវិញ
16-07-2026 14:55
(អ៉ីស្លាម៉ាបាដ)៖ នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ ប៉ាគីស្ថានបាននិយាយថា ខ្លួននឹងបន្តជំរុញឱ្យសហរដ្ឋអាមេរិក និងអ៉ីរ៉ង់បញ្ឈប់អំពើហិង្សា ហើយបន្តកិច្ចពិភាក្សាគ្នាដោយសន្តិវិធីឡើងវិញ នៅក្រោមអនុស្សរណៈយោគយល់ (MoU) ដែលខ្លួនជួយសម្រុះសម្រួលសម្រេចបាន កាលពីខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អ្នកនាំពាក្យក្រសួងការបរទេសប៉ាគីស្ថាន លោក Tahir Andrabi បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅរដ្ឋធានីអ៉ីស្លាម៉ាបាដថា ស្របពេលដែលការអនុវត្ត MoU កំពុងតែជួបបញ្ហាប្រឈម ប៉ាគីស្ថាននឹងបន្តជំរុញភាគីទាំងអស់ឱ្យបញ្ចប់អំពើហិង្សា ហើយបន្តកិច្ចពិភាក្សាកម្រិតបច្ចេកទេសឡើងវិញ ដោយស្របទៅតាម MoU។ លោក Andrabi បន្ថែមថា «យើងសង្ឃឹមថា ស្ថានការណ៍នៅច្រកសមុទ្រ Hormuz នឹងអាចវិលទៅរកភាពប្រក្រតីវិញក្នុងពេលឆាប់ៗ ខណៈវាជារឿងសំខាន់ជាខ្លាំង ក្នុងការធានានូវសុវត្ថិភាព សន្តិសុខ និងសេរីភាព នៃការធ្វើចរាចរណ៍នៅដែនសមុទ្រ»។
គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz គឺស្ថិតនៅចំណុចកណ្តាល នៃការផ្ទុះឡើងវិញជាថ្មីនៃអរិភាពរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលឥឡូវបានបន្តដល់ថ្ងៃទី៦ហើយ បើទោះបីជាភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបឋម កាលពីខែមិថុនា ដែលសំដៅស្វែងរកការបិទបញ្ចប់សង្រ្គាមជាផ្លូវការក៏ដោយ៕


