FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UN ព្រមានថាអាចមានមនុស្សជាង៥០០នាក់បាត់បង់ជីវិត ក្រោយទូកដឹកជនភៀសខ្លួនធំៗ២គ្រឿង បានលិចនៅក្បែរប្រទេសមីយ៉ាន់ម៉ា កាលពីពេលថ្មីៗ (Video inside)

16-07-2026 13:57

(យូអិន)៖ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ទូកដឹកជនភៀសខ្លួនធំៗ២គ្រឿងដឹកមនុស្សសរុបច្រើនជាង៥០០នាក់ ប្រហែលជាបានលិចនៅក្បែរឆ្នេរនៃប្រទេសមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងសេចក្តីថ្លែងការណ៍រួមមួយ អង្គការទេសន្តរប្រវេសន៍ (IOM) និងទីភ្នាក់ងារជនភៀសខ្លួនរបស់ UN (UNHCR) បានប្រកាសឱ្យដឹងថា យោងតាមព័ត៌មានបឋម ទូក២គ្រឿងខាងលើ បានចាកចេញពីរដ្ឋ Rakhine របស់មីយ៉ាន់ម៉ា ហើយផ្ទុកអ្នកដំណើរភាគច្រើន​ជាជនជាតិភាគតិចមូស្លីមរ៉ូហ៉ីងយ៉ា ខណៈក្នុងចំណោមនោះ មានខ្លះមកពីជំរំជនភៀសខ្លួននៅក្រុង Cox's Bazar នៃប្រទេសបង់ក្លាដែស ថែមទៀតផង។ ទីភ្នាក់ងារទាំងពីរបានបង្ហាញក្តីបារម្ភថា មនុស្សសរុបច្រើនជាង៥០០នាក់ ប្រហែលអាច​បានបាត់បង់ជីវិត។

ជនជាតិភាគតិចរ៉ូហ៉ីងយ៉ា ជាច្រើនឆ្នាំមកហើយបានប្រថុយជីវិតរបស់ពួកគេ ធ្វើដំណើរនៅលើទូកឈើដែលគ្មានភាពរឹងមាំ ដោយសារតែអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាស្ថានភាពដ៏យ៉ាប់យ៉ឺន នៅក្នុងជំរំជនភៀសខ្លួនដ៏កកកុញនៅក្នុង​ប្រទេសបង់ក្លាដែស ក្រោមក្តីសង្ឃឹមថាអាចស្វែងរកកន្លែងសុវត្ថិភាពនិងឱកាស នៅតាមបណ្តាប្រទេសផ្សេងទៀត ដូចជាម៉ាឡេស៉ី ឥណ្ឌូណេស៉ី និងថៃ ជាដើម។

IOM និង UNHCR បាននិយាយថា ដោយផ្ទុកមនុស្សប្រហែល២៥០នាក់ ទូកទី១ បានដាច់ការទាក់ទងមិនយូរប៉ុន្មាន ក្រោយពេលចេញដំណើរ ខណៈទូកទី២ ដែលផ្ទុកមនុស្ស២៨០នាក់ ត្រូវជឿថាបានលិចនៅក្បែរឆ្នេរតំបន់ Ayeyarwady នៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៨ ខែកក្កដា។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារ UN ទាំងពីរ មនុស្សសរុបជិត៣០០នាក់ ត្រូវបានរាយការណ៍ថា បាត់ខ្លួនឬស្លាប់ នៅសមុទ្រតំបន់ Andaman និងឆកសមុទ្រ Bengal ក្នុងឆ្នាំនេះ ក្នុងនោះរួមមានទាំងជនភៀសខ្លួនរ៉ូហ៉ីងយ៉ា និងជនជាតិបង់ក្លាដែស៕