FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ្សេលេនស្គី គាំទ្រឱ្យប្រធានក្រុមហ៊ុនថាមពលរដ្ឋ ក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់អ៊ុយក្រែន និងមានបំណងប្តូររដ្ឋមន្រ្តីការពារជាតិ (Video inside)

16-07-2026 12:01

(កៀវ)៖ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បានគាំទ្រប្រធានក្រុមហ៊ុនថាមពលរដ្ឋ ឱ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់អ៊ុយក្រែន ហើយបើតាមក្រុមសមាជិកសភា លោក ហ្សេលេនស្គី ក៏មានគម្រោងប្តូររដ្ឋមន្ត្រីការពារជាតិផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦។

លោក ហ្សេលេនស្គី បានសម្រេចចិត្តរុះរើកៅអីនាយករដ្ឋមន្ត្រីអ៊ុយក្រែន ក្នុងសប្តាហ៍នេះ ហើយការបោះឆ្នោតមួយនឹងត្រូវធ្វើឡើង ដើម្បីជ្រើសរើសអ្នកមកជំនួស នាថ្ងៃព្រហស្បតិ៍នេះ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងទីក្រុងកៀវ លោក ហ្សេលេនស្គី និយាយថា លោក Sergii Koretskyi ដែលជា CEO ក្រុមហ៊ុនថាមពលរដ្ឋ Naftogaz គឺជាបេក្ខភាពដ៏ល្អបំផុតសម្រាប់តំណែងនាយករដ្ឋមន្ត្រី ដោយសារតែអាទិភាពរបស់អ៊ុយក្រែន គឺការត្រៀមលក្ខណៈក្នុងរដូវរងាដែលខិតជិតមកដល់។

ក្រោយកិច្ចប្រជុំមួយ ក្រុមសមាជិកសភាអ៊ុយក្រែន បានបង្ហោះសារលើបណ្តាញសង្គម ថាលោក ហ្សេលេនស្គី នឹងតែងតាំងលោក Ihor Klymenko ដែលជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃតាំងពីឆ្នាំ ២០២៣ ឱ្យមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិវិញ។ សមាជិកសភា និងអ្នកវិភាគមួយចំនួន បានសម្តែងការខកចិត្ត ជុំវិញលទ្ធភាពដែលរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបច្ចុប្បន្ន គឺលោក Mykhailo Fedorov នឹងត្រូវផ្លាស់ប្តូរ ដោយលើកឡើងថា វាអាចប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងសង្គ្រាម ចំពេលកំពុងវាយប្រហារលើឧស្សាហកម្មប្រេងរុស្ស៉ី និងដែលបានធ្វើឱ្យការរុលទៅមុខរបស់កងកម្លាំងទីក្រុងមូស្គូ នៅឯសមរភូមិមុខ មានភាពយឺតយ៉ាវ៕