សហរដ្ឋអាមេរិក អនុម័តការលក់អាវុធតម្លៃជិត ២ពាន់លានដុល្លារឱ្យអារ៉ាប៊ីសាអូឌីត (Video inside)
16-07-2026 10:30
(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក នៅថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសពីការអនុម័តការលក់អាវុធមានតម្លៃ ១,៩៦ពាន់លានដុល្លារ ដើម្បីជំរុញសមត្ថភាពការពារដែនអាកាសរបស់អារ៉ាប៊ីសាអូឌីត ខណៈសង្រ្គាមរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់កំពុងអង្រួនតំបន់មជ្ឈិមបូព៌ាសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ក្រសួងការបរទេសអាមេរិកបានគូសបញ្ជាក់ថាការអនុម័តការលក់អាវុធខាងលើនឹងគាំទ្រដល់កម្មវត្ថុនៃសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក តាមរយៈការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខរបស់សម្ព័ន្ធមិត្តដ៏សំខាន់មួយមិនមែន NATO ដែលជា កម្លាំងមួយសម្រាប់ស្ថិរភាពនយោបាយ និងការរីកច្រើនសេដ្ឋកិច្ចនៅក្នុងតំបន់ឈូងសមុទ្រ។ ក្នុងចំណោមអាវុធដែលអារ៉ាប៊ីសាអូឌីតបញ្ជាទិញ ក្នុងនោះរួមមាន អាវុធឆ្លាតវៃ Advanced Precision Kill Weapon Systems និងក្បាលគ្រាប់ដល់ទៅ ២០ ០០០គ្រាប់ ហើយក្រុមហ៊ុនចម្បងដែលទទួលបាន កុងត្រាផលិត គឺក្រុមហ៊ុន BAE Systems ក្នុងទីក្រុង Nashua រដ្ឋ New Jersey។
គួរបញ្ជាក់ថា ការអនុម័តការលក់អាវុធរបស់សហរដ្ឋអាមេរិក កើតមានឡើងចំពេលមានការព្រួយបារម្ភរឹតតែខ្លាំងពីការផ្ទុះសង្រ្គាមឡើងវិញរវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់មានមូលដ្ឋានក្នុងប្រទេសយេម៉ែន បន្ទាប់ពីក្រុមឧទ្ទាមមួយនេះបានបាញ់មីស៊ីលតម្រង់ទៅកាន់អាកាសយានដ្ឋានមួយក្នុងទីក្រុង Abha ស្ថិតនៅភាគខាងត្បូងអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។
ការវាយប្រហាររបស់ក្រុមឧទ្ទាមហ៊ូទីនេះដែរធ្វើឡើងក្រោយរដ្ឋាភិបាលយេម៉ែនគាំទ្រដោយទីក្រុងរីយ៉ាដ បើកការវាយប្រហារលើអាកាសយានដ្ឋាន Sanaa គ្រប់គ្រងដោយហ៊ូទី ដើម្បីរារាំងកុំឱ្យយន្ដហោះមួយគ្រឿងដឹកក្រុមប្រតិភូហ៊ូទីត្រឡប់មកពីការចូលរួមពិធីបុណ្យសពមេដឹកនាំកំពូលអ៉ីរ៉ង់ ធ្វើការចុះចត។ ហ៊ូទី បានចោទប្រកាន់ត្រង់ៗថាអារ៉ាប៊ីសាអូឌីតជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕
