ស្ទង់មតិ៖ ប្រទេសជាច្រើនមើលឃើញចិន និងលោក ស៊ី ជីនពីង ល្អជាងសហរដ្ឋអាមេរិក និងលោក ដូណាល់ ត្រាំ (Video inside)
16-07-2026 08:26
(វ៉ាស៊ីនតោន)៖ ពិភពលោកបានមើលឃើញសហរដ្ឋអាមេរិកល្អជាងចិនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែក្នុងឆ្នាំ២០២៦នេះ ប្រទេសជាច្រើនបានមើលឃើញចិនល្អជាងសហរដ្ឋអាមេរិក ដែលនេះជាការផ្លាស់ប្ដូរមួយដែលមានមួយផ្នែកធំបណ្ដាលមកពីភាពតានតឹងរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនឯង។ នេះបើតាមការស្ទង់មតិថ្មីមួយរបស់មជ្ឈមណ្ឌល Pew Research Center ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP។
ការស្ទង់មតិរបស់ Pew Research Center បានឱ្យដឹងថាមនុស្សជាច្រើននៅក្នុងប្រទេសចំនួន២៥ ក្នុងចំណោមប្រទេស និងដែនដីចំនួន៣៦ ក្នុងនោះរួមមានទាំងកាណាដា និងម៉ិកស៉ិក មានទស្សនៈល្អចំពោះចិនខ្លាំងជាងសហរដ្ឋអាមេរិក។ ការស្ទង់មតិនេះធ្វើឡើងពីខែកុម្ភៈ ដល់ខែឧសភា ឆ្នាំ២០២៦ ជាពេលដែលសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកធ្វើសង្រ្គាមប្រឆាំងអ៉ីរ៉ង់។
តាមការស្ទង់មតិខាងលើដដែលដែលត្រូវបានចេញផ្សាយនៅថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ មានតែនៅក្នុងប្រទេសចំនួន៦ប៉ុណ្ណោះដែលមានអ្នកនៅតែមើលឃើញសហរដ្ឋអាមេរិកល្អជាងចិន។ ដោយឡែក ប្រជាជនក្នុងប្រទេសចំនួន២២ ក្នុងចំណោម៣៦ប្រទេសដែលត្រូវបានសម្ភាសន៍ ក៏បានមើលឃើញប្រធានាធិបតីចិន លោក ស៊ី ជីនពីង ល្អជាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំផងដែរ។ ប្រជាជនទាំងនោះរួមមានទាំងនៅក្នុងប្រទេសកាណាដា ម៉ិកស៉ិក និងបណ្ដាមហាអំណាចធំៗដូចជាបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។
តែទោះជាបែបនេះក្ដី ប្រជាជននៃប្រទេសទាំងនោះភាគច្រើន ក៏មិនសូវទុកចិត្តចំពោះមេដឹកនាំទាំង២ផងដែរ។
គួរបញ្ជាក់ថា បើតាមលោកស្រី Laura Silver នាយករងនៃកម្មវិធី Global Attitudes Research នៃមជ្ឈមណ្ឌល Pew Research Center និងជាអ្នកសា្រវជ្រាវលើការសិក្សាថ្មីខាងលើ នេះគឺជាលើកដំបូងបំផុតក្នុងរយៈពេល២០ឆ្នាំ ដែលទស្សនៈសកលមើលឃើញចិនល្អជាងសហរដ្ឋអាមេរិក។ សម្រាប់ការសិក្សាថ្មីនេះ Pew Research Center បានស្ទាបស្ទង់លើមនុស្សជាង ៤២០០០នាក់ នៅទូទាំងប្រទេសចំនួន៣៥ បូកបន្ថែមទាំងតំបន់ West Bank និងទីក្រុងហ្ស៊េរុយសាឡិមភាគខាងកើត៕
