រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចូលរួមពិធីបុណ្យសពអតីតព្រះចៅអេមៀនៅកាតា ក្រោយពីអ៊ីរ៉ង់ទើបវាយប្រហារប្រទេសនេះ (Video inside)
15-07-2026 21:03
(ឌូបៃ)៖ ទីភ្នាក់ងារសារព័ត៌មាន ISNA របស់អ៊ីរ៉ង់ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស អារ៉ាក់ជី (Abbas Araghchi) បានធ្វើដំណើរទៅកាន់រដ្ឋធានីដូហាហើយនៅថ្ងៃពុធនេះ ដើម្បីចូលរួមពិធីបុណ្យសពអតីតព្រះចៅអេមៀរកាតា សេក្ខ ហាម៉ាដ ប៊ីន ខាលីហ្វា អាល់ថានី (Sheikh Hamad bin Khalifa Al-Thani)។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៊ីរ៉ង់បានបើកការវាយប្រហារទៅលើគោលដៅយោធា ដែលខ្លួនអះអាងថាជារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសកាតា ដែលជាប្រទេសដើរតួជាអ្នកសម្របសម្រួលសន្តិភាពរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់។ ការវាយប្រហារចុងក្រោយបំផុតរបស់អ៊ីរ៉ង់មកលើកាតា គឺធ្វើឡើងកាលពីថ្ងៃអាទិត្យ ស្របពេលជាមួយគ្នានឹងការប្រកាសចូលទិវង្គតរបស់អតីតព្រះចៅអេមៀរតែម្តង។
គួររំលឹកថា កាលពីថ្ងៃអាទិត្យកន្លងទៅ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានប្រកាសថា ខ្លួនបានបាញ់មីស៊ីលផ្លោងវាយប្រហារទៅលើមូលដ្ឋានទ័ពអាកាស Al Udeid នៅក្នុងប្រទេសកាតា ដែលជាមូលដ្ឋានយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកប្រចាំនៅតំបន់មជ្ឈិមបូព៌ា៕
