FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ុយក្រែនប្តេជ្ញាការពារកំពង់ផែ ដើម្បីធានាការនាំចេញកសិផល ក្រោយរងការវាយប្រហារផ្ទួនៗពីរុស្ស៊ី (Video inside)

15-07-2026 20:31

(កៀវ)៖ អនុរដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ុយក្រែន បានប្រកាសនៅថ្ងៃពុធថា អ៊ុយក្រែននឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីការពារកំពង់ផែសមុទ្ររបស់ខ្លួន និងធានាថាការនាំចេញគ្រាប់ធញ្ញជាតិនឹងមិនធ្លាក់ចុះទាបជាងកម្រិតកាលពីឆ្នាំមុនឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្តេជ្ញានេះធ្វើឡើងបន្ទាប់ពីរុស្ស៊ីបានបង្កើនការវាយប្រហារយ៉ាងសាហាវ ទៅលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្រខ្មៅ និងនាវាដឹកទំនិញនៅកំពង់ផែអូដេសា (Odesa)។ អនុរដ្ឋមន្ត្រីអ៊ុយក្រែនបានសង្កត់ធ្ងន់ថា ទោះបីជាមានការលំបាក ក៏អ៊ុយក្រែនត្រូវតែរក្សាការនាំចេញដើម្បីជួយគាំទ្រសន្តិសុខស្បៀងសកល ដោយកាលពីឆ្នាំមុន អ៊ុយក្រែននាំចេញបានជាង ៣៧លានតោន និងរំពឹងថានឹងអាចនាំចេញដល់ ៤៣លានតោនសម្រាប់រដូវកាលថ្មីនេះ។

ទោះជាយ៉ាងណា សហជីពកសិករអ៊ុយក្រែនបញ្ជាក់ថា ការវាយប្រហាររបស់រុស្ស៊ីបានធ្វើឱ្យសមត្ថភាពនាំចេញធ្លាក់ចុះអស់មួយភាគបីទៅហើយ។ ការនាំចេញកសិផលគឺជាប្រភពចំណូលដ៏សំខាន់បំផុតរបស់អ៊ុយក្រែន ដែលពឹងផ្អែកលើកំពង់ផែភាគខាងត្បូងរហូតដល់ ៩០ភាគរយ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ភាគីទាំងពីរកំពុងផ្តោតការវាយប្រហារលើប្រភពសេដ្ឋកិច្ចរបស់គ្នាទៅវិញទៅមក ដោយអ៊ុយក្រែនវាយប្រហាររោងចក្រប្រេងរុស្ស៊ី ចំណែករុស្ស៊ីវាយប្រហារកំពង់ផែអ៊ុយក្រែន។ ប្រភពឧស្សាហកម្មបានបង្ហើបថា ចំណតនាំចេញធំៗ ៤កន្លែងរបស់អ៊ុយក្រែន បានផ្អាកប្រតិបត្តិការ ខណៈម្ចាស់នាវាមួយចំនួនក៏មិនហ៊ានចូលចតដែរ ដោយសារបារម្ភពីសុវត្ថិភាព៕