អាមេរិកចាប់ផ្តើមការវាយប្រហាររលកថ្មីលើអ៊ីរ៉ង់ ខណៈអ៊ីរ៉ង់គំរាមបិទផ្លូវពាណិជ្ជកម្មបន្ថែមនៅមជ្ឈិមបូព៌ា (Video inside)
15-07-2026 19:11
(ឌូបៃ)៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធនេះបានបើកការវាយប្រហាររលកថ្មីទៅលើគោលដៅយោធាអ៊ីរ៉ង់ ខណៈដែលទីក្រុងតេហេរ៉ង់ បានព្រមានតបតវិញតាមរយៈការគំរាមបិទផ្លូវពាណិជ្ជកម្មបន្ថែមទៀតនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។
បញ្ជាការដ្ឋានកណ្តាលអាមេរិក (Centcom) បានប្រកាសថា ខ្លួនបានបើកការវាយប្រហារតាមរយៈយន្តហោះដ្រូណ កងទ័ពអាកាស និងកងទ័ពជើងទឹកទៅលើអ៊ីរ៉ង់ កាលពីព្រឹកថ្ងៃពុធ បន្ទាប់ពីបានធ្វើប្រតិបត្តិការយោធាពេញមួយយប់រយៈពេល ៧ម៉ោងរួចមក។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានគំរាមកម្ទេចស្ពាន និងរោងចក្រអគ្គិសនីរបស់អ៊ីរ៉ង់នៅសប្តាហ៍ក្រោយផងដែរ ប្រសិនបើប្រទេសនេះមិនព្រមត្រឡប់មកតុចរចាវិញ ដោយព្រមានថាគោលដៅថាមពលនឹងក្លាយជាជម្រើសចុងក្រោយ។
ការកើនឡើងកម្តៅនេះ កើតឡើងស្របពេលអាមេរិកបានបន្តការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ជាថ្មីកាលពីល្ងាចថ្ងៃអង្គារ។ ជាការឆ្លើយតប កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានប្រកាសថា ច្រកសមុទ្រហ័រមូស នឹងនៅតែបន្តបិទខ្ទប់រហូតទាល់តែអាមេរិកបញ្ឈប់ការឈ្លានពាន ព្រមទាំងព្រមានថា ខ្លួននឹងបិទច្រកនាំចេញប្រេង និងឧស្ម័នផ្សេងៗទៀតដែលបម្រើផលប្រយោជន៍ឱ្យអាមេរិកនិងសម្ព័ន្ធមិត្តផងដែរ ប្រសិនបើចាំបាច់។
ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា យោធារបស់ខ្លួនបានវាយប្រហារសងសឹកទៅលើគោលដៅអាមេរិក នៅក្នុងប្រទេសហ្សកដានី គូវ៉ែត និងបារ៉ែន ខណៈសម្ព័ន្ធមិត្តអាមេរិកទាំងនេះអះអាងថា ពួកគេបានស្ទាក់ចាប់ដ្រូន និងមីស៊ីលទាំងនោះដោយជោគជ័យ៕

