វៀតណាម បើកការស៉ើបអង្កេតលើការរត់ពន្ធពេជ្រ ពាក់ព័ន្ធក្រុមហ៊ុនគ្រឿងអលង្ការធំជាងគេរបស់ប្រទេស (Video inside)
15-07-2026 16:15
(ហាណូយ)៖ ប៉ូលិសវៀតណាម កំពុងស៉ើបអង្កេតក្រុមរត់ពន្ធពេជ្រអន្តរជាតិ ដោយចោទប្រកាន់ពីបទជួញដូរត្បូង ២៨ ០០០គ្រាប់ តម្លៃជិត ១១លានដុល្លារ ខណៈក្រុមហ៊ុនផលិតគ្រឿងអលង្ការធំជាងគេរបស់ប្រទេសនេះ ជាប់ពាក់ព័ន្ធនឹងការស៉ើបអង្កេត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦។
អតីតប្រធានក្រុមហ៊ុនបុត្រសម្ព័ន្ធខាងផ្តល់វិញ្ញាបនបត្រត្បូង របស់ក្រុមហ៊ុនគ្រឿងអលង្ការ Phu Nhuan Jewelry (PNJ) ត្រូវបានចាប់ខ្លួន កាលពីដើមខែកក្កដានេះ រួមជាមួយមនុស្សច្រើនជាង ៣០នាក់ផ្សេងទៀត ដែលរងការចោទប្រកាន់ពាក់ព័ន្ធនឹងក្រុមមួយ ដែលធ្វើប្រតិបត្តិការអស់រយៈពេលច្រើនឆ្នាំមកហើយ។
ក្រសួងសន្តិសុខសាធារណៈវៀតណាម បានឱ្យដឹងកាលពីថ្ងៃអង្គារ ថាប៉ូលិសបានឆ្មក់ចូលទីតាំងជាង ២០កន្លែង រួមទាំងហាងលក់គ្រឿងអលង្ការ និងផ្ទះរបស់ជនសង្ស័យ ភាគច្រើននៅក្នុងទីក្រុងហូជីមិញ។ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ រាយការណ៍នៅថ្ងៃនេះ ទីតាំងដែលស្ថិតក្រោមការស៉ើបអង្កេត ត្រូវបិទភ្លាមៗ។
លោក Dang Ngoc Thao ដែលជាអតីតនាយកក្រុមហ៊ុន PNJ Laboratory ត្រូវបានចោទប្រកាន់ពី បទក្លែងបន្លំវិញ្ញាបនបត្រត្បូង ដែលមានប្រភពមកពីឥណ្ឌា សម្រាប់លក់បន្តក្នុងប្រទេសវៀតណាម។ ប៉ូលិសរឹបអូសបានពេជ្រចំនួន ១ ២៣៩គ្រាប់ និងគ្រឿងអលង្ការគ្មានឯកសារបញ្ជាក់ប្រភពដើម។ ក្រុមហ៊ុន PNJ បានយល់ព្រមឱ្យមានការស៉ើបអង្កេត ពាក់ព័ន្ធនឹងអតីតបុគ្គលិករបស់ខ្លួន ប៉ុន្តែអះអាងថាបញ្ហានេះ ជាការទទួលខុសត្រូវផ្នែកច្បាប់របស់បុគ្គល៕
