FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៉ីចោទអ៊ុយក្រែនថាកំពុងធ្វើភេរវកម្មនៅសមុទ្រ Azov ស្របពេលដែលអ៊ុយក្រែនបង្កើនការវាយប្រហារលើកប៉ាល់នៅទីនោះ (Video inside)

15-07-2026 15:14

(មូស្គូ)៖ កាលពីថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ រុស្ស៉ីបានចោទប្រកាន់អ៊ុយក្រែនថាកំពុងប្រព្រឹត្តភេរវកម្ម ស្របពេលដែល​ទីក្រុងកៀវបង្កើនការវាយប្រហាររបស់ខ្លួនលើកប៉ាល់នៅសមុទ្រ Azov ជាច្រកផ្លូវទឹកដែលចាត់ចែងប្រហែល១ភាគ៤ នៃការនាំចេញគ្រាប់ធញ្ញជាតិរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

មេបញ្ជាការកងកម្លាំងដ្រូនរបស់អ៊ុយក្រែន កាលពីថ្ងៃអង្គារ បានអះអាងថា យន្តហោះដ្រូនអ៊ុយក្រែន បានវាយប្រហារកប៉ាល់សរុប ១១គ្រឿងរបស់រុស្ស៉ី នៅសមុទ្រ Azov។ គោលដៅទាំងនោះ រួមមានកប៉ាល់ដឹកប្រេង៥គ្រឿង កប៉ាល់ដឹកទំនិញស្ងួត៥គ្រឿង និងទូកសណ្តោង១គ្រឿង នាំឱ្យកប៉ាល់រុស្ស៉ីដែលត្រូវបានវាយប្រហារ អំឡុងរយៈពេល៩ថ្ងៃចុងក្រោយ មានចំនួនសរុប ១១៦គ្រឿង។

ដោយឡែក ប្រភពពីក្នុងឧស្សាហកម្មកប៉ាល់ដឹកជញ្ជូនរបស់រុស្ស៉ី បានបង្ហើបឱ្យដឹងថា កប៉ាល់ប៉ុន្មានគ្រឿងដែលដឹកគ្រាប់ធញ្ញជាតិ ក៏បានរងការវាយប្រហារផងដែរ ក្នុងសប្តាហ៍នេះ ហើយពួកវាបានរងការឆាបឆេះ។ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បានលើកឡើងថា «អ្វីដែលអ៊ុយក្រែនកំពុងធ្វើ គឺលើសពីទង្វើរបស់ពួកចោរសមុទ្រទៅទៀត ព្រោះចោរសមុទ្រយ៉ាងហោច បន្ល់យករបស់របរហើយរក្សាទុកពួកវាសម្រាប់ពួកគេផ្ទាល់។ ប៉ុន្តែនៅទីនេះវិញ វាមិនផ្តល់ផលចំណេញសម្រាប់ពួកគេ ឬក៏នរណាផ្សេងឡើយ ដោយគោលដៅគឺដើម្បីតែបង្កការបំផ្លិចបំផ្លាញ និងគំរាមកំហែងប៉ុណ្ណោះ»

គួរបញ្ជាក់ថា ប៉ុន្មានខែមកនេះ អ៊ុយក្រែនបានបង្កើនការវាយប្រហារលើរោងចក្រចម្រាញ់ប្រេង ដេប៉ូស្តុកប្រេង កំពង់ផែ ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធថាមពលដទៃទៀតរបស់រុស្ស៉ី ជាហេតុនាំឱ្យមានបញ្ហាខ្វះខាតប្រេងនៅទូទាំងប្រទេសរុស្ស៉ី ហើយរំខានការដល់នាំចេញ៕